ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ បានលើកឡើងថា ឆ្លងកាត់ការលំបាកពុះពារការពារទឹកដីពីការឈ្លានពានរបស់យោធាថៃ មកលើទឹកដីកម្ពុជា បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ដែលមិនអាចប្រកែកបានគឺខ្មែរពិតជាពឹងលើខ្លួនឯង ដែលចាប់ផ្តើមចេញពីការដឹកនាំដោយសម្តេចតេជោ-ធិបតី។
ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី បានបន្ថែមថា ស្ថានការណ៍នេះ បង្កើតនូវទំនុកពីថ្នាក់ដឹកនាំគ្រប់ស្ថាប័នទាំងសុីវិល និងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាជនស្នេហាជាតិ ទាំងក្នុង និងក្រៅប្រទេសបានរួមគ្នាជាកម្លាំងសាមគ្គីមួយដ៏រឹងមាំចាក់ស្រេះបង្កើតបានជាខឿនការពារជាតិ ការពារទឹកដីដែលសង្រ្គាមក្នុងប៉ុន្មានថ្ងៃនេះខ្មាំងមិនអាចរុលចូលបាន។
បន្ថែមពីនេះ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានគូសបញ្ជាក់ថា ថ្វីដ្បិតតែយើងមិនចង់បានសង្រ្គាម យើងចង់បានសេចក្តីសុខតែរដ្ឋាភិបាលថៃ និងទាហានថៃមិនឲ្យយើងសុខ។
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបន្តថា ប្រជាជនទូទាំងប្រទេសបានកំពុងដង្ហោយហៅ និងរង់ចាំការជួយអន្តរាគមន៍ពីបណ្តាសហគមន៍អន្តរជាតិ ជាពិសេសប្រទេសមហាអំណាចដើម្បីជួយស្តារទំនាក់ទំនង និងនាំសន្តិភាពសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។
ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី បានថ្លែងថា ដោយយោងទៅលើចំណុចដូចបានជម្រាបជូនខាងលើ ខ្ញុំអាចធ្វើការសន្និដ្ឋានដោយអះអាងថារាជរដ្ឋាភិបាលដែលដឹកនាំពីអតីតកាលដោយសម្តេចតេជោ ហ៊ុន សែន ហើយបន្តមក សម្តេចធិបតី គឺពិតជាដឹកនាំនាវាកម្ពុជាជាច្រើនទសវត្សរ៍មកនេះឈរលើ ឯករាជ្យ អព្យាក្រឹត និងសហប្រតិបត្តការជាមួយគ្រប់បណ្តាប្រទេសដោយមិនរណប និងលក់ខ្លួនឲ្យបរទេសដូចអ្វីដែលគណបក្សមាននិន្នាការចោទប្រកាន់កន្លងមក។ សូមបងប្អូនយើងបន្តជឿជាក់លើរាជរដ្ឋាភិបាល៕


