សម្តេចមហាមន្ត្រី គុយ សុផល និងលោកជំទាវ សុខ នារី អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនគ្រួសារកងទ័ពក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង


សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងលោកជំទាវ សុខ នារី គុយ សុផល បានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងចែកជូននូវអំណោយដែលជាសណ្តានចិត្តដ៏ថ្លៃថ្លារបស់សម្តេចមហាមន្ត្រី និងលោកជំទាវ ជូនដល់ក្រុមគ្រួសារកងទ័ពនៅសមរភូមិជួរមុខចំនួន៩៥គ្រួសារ ក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥។

សម្តេចមហាមន្ត្រី ឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនពីព្រះរាជបណ្តាំដ៏ខ្ពង់ខ្ពស់ពីព្រះករុណាជាអម្ចាស់ជីវិត លើត្បួង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង ព្រះអង្គមានព្រះរាជហឬទ័យនឹករលឹកសាកសួរសុខទុក្ខ ក្នុងព្រះរាជហឬទ័យអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅ ចំពោះកូនចៅ ចៅទួតរបស់ព្រះអង្គ ដែលជាវីរកងទ័ពជួរមុខ និងគ្រួសារកងទ័ពជួរមុខ ដែលមានទីលំនៅក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំងគ្រប់រូប។

សម្តេចមហាមន្ត្រី គុយ សុផល បានជម្រាបជូនអំពីសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំកំពូលជាតិ មានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារកងទ័ពនៅសមរភូមិជួរមុខ ក្នុងស្រុកបរិបូរណ៍នេះ។

សម្តេចមហាមន្ត្រី គុយ សុផល មានប្រសាសន៍កោតសរសើរចំពោះកងកម្លាំងគ្រប់រូបទាំងអស់ ដែលបាននឹងកំពុង ឈរជើងការពារបូរណភាពទឹកដីនៅតាមតំបន់ព្រំដែន ដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ ក្នុងស្មារតីសាមគ្គី ថែរក្សា ការពារសុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី នាំមកនូវសេចក្តីសុខសន្តិភាពជូនដល់ព្រះរាជាណាចក្រកម្ពុជា។

សម្តេចមហាមន្ត្រី បានបង្ហាញអំពីការគាំទ្រ និងការជឿជាក់យ៉ាងមុតមាំលើរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការដោះស្រាយ បញ្ហាប្រកបដោយយុទ្ធសាស្ត្រ និងការផ្តល់យោបល់ប្រកបដោយបទពិសោធន៍ខ្ពស់របស់សម្តេចទាំងទ្វេ ដែលធ្វើឲ្យវីរកង ទ័ពគ្រប់រូប បានកំពុងប្រកៀកស្មារួមគ្នាការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ប្រកបដោយភាពម្ចាស់ការ អង់អាចក្លាហាន ឈរជើងយ៉ាងរឹងមាំ និងមានប្រៀបឈ្នះគ្រប់គោលដៅនៃសមរភូមិប្រយុទ្ធ។

សម្តេចមហាមន្ត្រី គុយ សុផល និងលោកជំទាវ សុខ នារី គុយ សុផល ជានិច្ចកាលតែងតែគិតគូរជានិច្ច ចំពោះសុខទុក្ខ សុខមាលភាព ព្រមទាំងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលជួបការលំបាកខ្វះខាត ពិសេសក្នុង កាលៈទេសៈ ដែលយោធាថៃបាននឹងកំពុងឈ្លានពានដែនអធិបតេយ្យកម្ពុជា ហេតុនេះហើយ ទើបសម្តេចមហាមន្ត្រី និងលោកជំទាវ នាំយកនូវអំណោយជូនដល់គ្រួសារកងទ័ពជួរមុខ ចំនួន ៩៥គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ ចំនួន ១បាវ ស្មើ៥០គ.ក មី ចំនួន១កេស ស្មើ៥០កញ្ចប់ ទឹកត្រី ចំនួន ១យួរ ស្មើ ៦ដប ទឹកស៊ីអ៊ីវ ចំនួន ១យួរ ស្មើ ៦ដប ទឹកដោះគោ ចំនួន ១០កំប៉ុង និងថវិកាចំនួន ២០០.០០០៛ (ពីររយពាន់រៀល)។

សម្តេចមហាមន្ត្រីបានមានប្រសាសន៍លើកទឹកចិត្ត និងសូមឲ្យប្រជាពលរដ្ឋទាំងអស់ជឿជាក់លើរាជរដ្ឋាភិបាល កម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលកំពុងតែអនុវត្តការងារយ៉ាងសកម្មមមាញឹកបំផុត ដើម្បីស្វែងរកសុខសន្តិភាព និងសុខសុវត្ថិភាពជូន ប្រជាពលរដ្ឋទូទាំងប្រទេស។ សម្តេចមហាមន្ត្រី បានមានប្រសាសន៍ផងដែរ អំពីគុណតម្លៃដ៏សំខាន់នៃសុខសន្តិភាព ដែលយើងត្រូវរួបរួមគ្នាថែរក្សាការពារឲ្យបានជាដាច់ខាត។

សកម្មភាពមនុស្សធម៌នេះ បានបង្ហាញឲ្យឃើញអំពីការយកចិត្តទុកដាក់ ក្នុងស្មារតីជាតិនិយមខ្ពស់បំផុត របស់រាជរដ្ឋាភិបាល មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ប្រជាពលរដ្ឋកម្ពុជា និងសប្បុរសជនទាំងអស់ ដែលបានរួមជាកម្លាំងមហាសាមគ្គី ជាតិជាធ្លុងមួយ ក្រោមស្មារតីខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ដើម្បីឈរនៅពីក្រោយវីរកងទ័ពគ្រប់រូប ដែលកំពុងឈរជើង បំពេញបេសកកម្មយ៉ាងអង់អាចក្លាហាន ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។

សូមជម្រាបជូនថា គ្រួសារកងទ័ពជួរមុខ ចំនួន ៩៥គ្រួសារ ក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង មានឃុំអញ្ចាញរូង ចំនួន៣គ្រួសារ ឃុំឆ្នុកទ្រូ ចំនួន ១គ្រួសារ ឃុំចក ចំនួន ៩គ្រួសារ ឃុំខុនរ៉ង ចំនួន១១គ្រួសារ ឃុំមេលំ ចំនួន ៩គ្រួសារ ឃុំផ្សារ ចំនួន៥គ្រួសារ ឃុំពេជចង្វារ ចំនួន២គ្រួសារ ឃុំពពេល ចំនួន ១៤គ្រួសារ ឃុំពន្លៃ ចំនួន ១៤គ្រួសារ និងឃុំត្រពាន់ចាន់ ចំនួន២៧គ្រួសារ៕