អភិបាលខេត្តឧត្តរមានជ័យ ចុះពិនិត្យមើលទីតាំងដីក្បែមណ្ឌលភៀសសឹក ឱ្យពលរដ្ឋចូលរួមដាំដុះបន្លែបង្ការរួមគ្នា ដើម្បីធានាការផ្គត់ផ្គង់ស្បៀង


ស្របពេលដែលប្រទេសជាតិកំពុងប្រឈមមុខនឹងស្ថានភាពដ៏តានតឹងដោយសារសង្គ្រាមឈ្លានពានពីសំណាក់យោធាថៃ មកលើកម្ពុជា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការចង្អុលបង្ហាញពីលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី១នៃកម្ពុជា ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំក្រុមការងារ អញ្ជើញចុះត្រួតពិនិត្យមើលស្ថានភាពដីមួយកន្លែងនៅក្បែរក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ ស្រុកចុងកាល់ ដើម្បីរៀបចំឱ្យប្រជាពលភៀសសឹកដាំដុះបន្លែបង្ការរួមគ្នា ដើម្បីធានាបាននូវភាពគ្រប់គ្រាន់នៃការផ្គត់ផ្គង់ម្ហូបអាហារ និងរក្សាសន្តិសុខស្បៀងក្នុងមូលដ្ឋានគ្រាអាសន្ននេះ។

ការរៀបចំដីក្បែរមណ្ឌលសុវត្ថិសម្រាប់ដាំដុះរួមគ្នានេះ ក៏ជាផ្នែកមួយនៃការស្តារនីតិសម្បទាផ្លូវចិត្ត និងពង្រឹងសាមគ្គីភាពក្នុងចំណោមបងប្អូនពលរដ្ឋភៀសសឹក ជាពិសេស កុមារ និងមនុស្សចាស់ ទទួលបានបន្លែស្រស់ៗគ្រប់គ្រាន់ និងកាត់បន្ថយការចំណាយទៅលើការទិញបន្លែពីខាងក្រៅ ដែលអាចឡើងថ្លៃខ្លាំងក្នុងពេលសង្គ្រាមនេះផងដែរ។

ឯកឧត្តម មាន ចាន់យ៉ាដា ថ្លែងបញ្ជាក់ថា៖គោលដៅចម្បងនៃការដាំដុះនេះ គឺដើម្បីធានាថា រាល់ទិន្នផលបន្លែបង្កាដែលប្រមូលបាន នឹងត្រូវបែងចែកជាអាទិភាពដើម្បីផ្គត់ផ្គង់ដល់របបអាហារប្រចាំថ្ងៃរបស់ក្រុមគ្រួសារ ជនភៀសសឹកទាំងអស់ដែលកំពុងស្នាក់នៅក្នុងមណ្ឌលសុវត្ថិនេះ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តឧត្តរមានជ័យ អំពាវនាវដល់ «បងប្អូនជនភៀសសឹកទាំងអស់ ដែលភាគច្រើនមានបទពិសោធន៍ផ្នែកកសិកម្ម សូមប្រើប្រាស់កម្លាំង និងចំណេះដឹងរបស់បងប្អូន ចូលរួមដាំដុះបន្លែរួមគ្នានៅតាមណ្ឌលដែលបានកំណត់»