លោក Randhir Jaiswal អ្នកនាំពាក្យផ្លូវការរបស់ក្រសួងការបរទេសឥណ្ឌា បានអំពាវនាវដល់ភាគីកម្ពុជា-ថៃ បន្តការអត់ធ្មត់ និងចាត់វិធានការចាំបាច់ដើម្បីបញ្ឈប់អរិភាព និងទប់ស្កាត់ការកើនឡើងនៃភាពតានតឹងបន្ថែមទៀត និងជំរុញឲ្យភាគីទាំងពីរវិលត្រឡប់ទៅរកមាគ៌ានៃការសន្ទនា និងសន្តិភាពឡើងវិញ។
យោងតាមលិខិតរបស់របស់ក្រសួងការបរទេសឥណ្ឌា ដែលបណ្តាញព័ត៌មានទទួលបាននៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ បានបញ្ជាក់ឱ្យដឹងថា ឆ្លើយតបទៅនឹងសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយទាក់ទងនឹងការខូចខាតដល់សម្ភារៈនានា សម្រាប់ការជួសជុល និងអភិរក្សប្រាសាទនៅប្រាសាទព្រះវិហារ អ្នកនាំពាក្យផ្លូវការរបស់ក្រសួងការបរទេសឥណ្ឌា លោក Randhir Jaiswal បានមានប្រសាសន៍ថា «យើងបានឃើញរបាយការណ៍ដែលរាយការណ៍អំពីការខូចខាតដល់សម្ភារៈសម្រាប់ការជួសជុល និងអភិរក្សប្រាសាទនៅប្រាសាទព្រះវិហារ ក្នុងអំឡុងពេលនៃការប៉ះទង្គិចគ្នានៅតាមព្រំដែនថៃ–កម្ពុជា ដែលកំពុងបន្តកើតមាន»។
លោកបានបន្តថា «ការខូចខាតណាមួយចំពោះសម្ភារៈសម្រាប់ការជួសជុល និងអភិរក្សប្រាសាទ គឺជារឿងគួរឲ្យសោកស្តាយ និងជាបញ្ហាដែលគួរឲ្យព្រួយបារម្ភយ៉ាងខ្លាំង។ ប្រាសាទព្រះវិហារ ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ គឺជាបេតិកភណ្ឌវប្បធម៌រួមរបស់មនុស្សជាតិទាំងមូល។ ប្រទេសឥណ្ឌាបានចូលរួមយ៉ាងជិតស្និទ្ធក្នុងការងារអភិរក្សប្រាសាទព្រះវិហារ។ យើងសង្ឃឹមយ៉ាងមុតមាំថា វិធានការទាំងអស់នឹងត្រូវបានគោរព និងអនុវត្តយ៉ាងតឹងរឹង ដើម្បីការពារទីតាំង និងសម្ភារៈនានា សម្រាប់ការជួសជុល និងអភិរក្សប្រាសាទឲ្យបានពេញលេញ»។
អ្នកនាំពាក្យផ្លូវការរបស់ក្រសួងការបរទេសឥណ្ឌា បានបញ្ជាក់ជាថ្មីម្ដងទៀតនូវការអំពាវនាវរបស់ឥណ្ឌា ដល់ភាគីទាំងពីរ ឲ្យអត់ធ្មត់ និងចាត់វិធានការចាំបាច់ ដើម្បីបញ្ឈប់អរិភាព និងទប់ស្កាត់ការកើនឡើងនៃភាពតានតឹងបន្ថែមទៀត។ ឥណ្ឌាសូមជំរុញឲ្យភាគីទាំងពីរវិលត្រឡប់ទៅរកមាគ៌ានៃការសន្ទនា និងសន្តិភាពឡើងវិញ៕



