ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ អញ្ជើញជួបសំណេះសំណាល ជាមួយគ្រួសារវីរៈកងទ័ពជួរមុខ ទូទាំងស្រុកក្រគរ ចំនួន៥៥គ្រួសារ ព្រមទាំងផ្តល់ជូននូវថវិកាគោលនយោបាយ និងសារលិខិតរំលែកមរណទុក្ខ របស់រាជរដ្ឋាភិបាលកម្ពុជា មកប្រគល់ជូនភរិយា នៃសពលោកវរសេនីយ៍ត្រី ស្វាយ សារិទ្ធិ មេបញ្ជាការរង កងអនុសេនាធំ នៃកងការពារព្រំដែនគោកលេខ៥០១ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដី ក្នុងភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែង នាជន្មាយុ៤៥ឆ្នាំ។
ពិធីសំណេះសំណាល និងប្រគល់ថវិកាគោលនយោបាយខាងលើ ត្រូវបានធ្វើឡើង នៅបរិវេណសាលាឃុំអន្លង់ត្នោត ស្រុកក្រគរ ដោយបានការចូលរួមពី លោក ង៉ែត សុខន អគ្គនាយករងអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំអន្លង់ត្នោត ស្រុកក្រគរ និងឃុំវាល ស្រុកកណ្តៀង, ក្រុមប្រឹក្សាស្រុក, គណៈអភិបាលស្រុក និងមន្ត្រីមូលដ្ឋានមួយចំនួនទៀត។
សម្រាប់គ្រួសារវីរកងទ័ពជួរមុខ ដែលមានមូលដ្ឋានក្នុងស្រុកក្រគរ ចំនួន៥៥គ្រួសារ ត្រូវបានទទួលវត្ថុកំដរដៃ ដែលរៀបចំដោយក្រុមការងារអគ្គិសនីកម្ពុជា ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ៥០គីឡូក្រាម, មី១កេស, ទឹកបរិសុទ្ធ២កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, បន្ថែត្រីសាច់១កញ្ចប់ និងថវិកា១លានរៀល។ ដោយឡែកភរិយា នៃសពលោកវរសេនីយ៍ត្រី ស្វាយ សារិទ្ធិ ដែលបានពលីជីវិតនៅសមរភូមិមុខ ក្នុងការការពារជាតិមាតុភូមិ នៅទិសថ្មដា ស្រុកវាលវែង ត្រូវទទួលបានថវិកាគោលនយោបាយ ចំនួន៨០,០០០,០០០រៀល (ប៉ែតសិបលានរៀលគត់)។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងពរសព្ទសាធុការ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ឋសភា និងជាអគ្គភស្តុភារកំពូលកងយោធពលខេមរភូមិន្ទ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ជូនបងប្អូនគ្រួសារវីរយុទ្ធជនពលី និងគ្រួសារវីរកងទ័ពជួរមុខ ដោយបានជម្រាបជូនអំពីការយកចិត្តទុកដាក់ខ្ពស់របស់សម្ដេច លើការដោះស្រាយទុក្ខលំបាក របស់បងប្អូនដែលកំពុងរងគ្រោះ ដោយសារអំពើឈ្លានពានព្រៃផ្សៃ របស់យោធាថៃ មកលើប្រទេសកម្ពុជា។
ឯកឧត្តមបានបន្តថា ក្នុងកាលៈទេសៈដ៏លំបាកនេះ ស្មារតីរួមសាមគ្គី «ខ្មែរតែមួយ» ជួយគ្នាក្នុងគ្រាអាសន្ន កំពុងផុសផុលឡើង ធ្វើឱ្យប្រជាជនកម្ពុជាទាំងក្នុងស្រុក និងក្រៅប្រទេស បានរួមគ្នាជាកម្លាំងសាមគ្គីជាតិដ៏រឹងមាំ ចូលរួមបរិច្ចាគឈាម និងឧបត្ថម្ភនូវស្បៀងអាហារ ព្រមទាំងសម្ភារប្រើប្រាស់ ជូនដល់វីរកងទ័ព ដែលកំពុងឈរជើងនៅសមរភូមិជួរមុខ និងគ្រួសារវីរកងទ័ព ព្រមទាំងបងប្អូនពលរដ្ឋភៀសសឹក។ ពិតណាស់សម្ភារទាំងនេះ គឺជាការឆ្លើយតបចំពោះការលំបាក និងការខ្វះខាតជាច្រើន ដែលបងប្អូនកំពុងប្រឈម និងអាចជួយបន្ធូរបន្ថយបន្ទុក នៃការរស់នៅប្រចាំថ្ងៃរបស់បងប្អូនជាបណ្តោះអាសន្នបានមួយចំណែក។
ឯកឧត្តម ខូយ រីដា បានអំពាវនាវដល់បងប្អូនទាំងអស់ ត្រូវរួមគ្នាជាធ្លុងមួយយ៉ាងរឹងមាំ និងបន្ដជឿជាក់លើវីរកងទ័ពជួរមុខដ៏អង់អាចក្លាហាន ព្រមទាំងគាំទ្រជឿជាក់លើសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ឋសភា និងជាអគ្គភស្តុភារកំពូលកងយោធពលខេមរភូមិន្ទ និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំកំពូលៗជាច្រើនរូបទៀត ក្នុងការការពារបូរណភាពទឹកដី ដែនអធិបតេយ្យភាពកម្ពុជា ពីការឈ្លានពានរបស់ចោរសៀម មិនឱ្យបាត់បង់សូម្បីតែ១មីលីម៉ែត្រ។
ជាមួយគ្នានោះ ឯកឧត្តមសូមឱ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ចូលរួមសហការក្នុងការជម្រុញ និងអភិវឌ្ឍន៍ភូមិឋានឱ្យមានសោភណ្ឌភាព បរិស្ថានស្អាតល្អ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណ គ្មានក្មេងទំនើង គ្មានគ្រឿងញៀន គ្មានល្បែងស៊ីសងគ្រប់ប្រភេទ។ នៅចំពោះមុខនេះរដ្ឋបាលខេត្តរួមជាមួយក្រុមការងារ បានខិតខំប្រឹងប្រែង និងប្តេជ្ញាចិត្តថា ដាក់អំពូលភ្លើងបំភ្លឺតាមផ្លូវជាតិលេខ៥ ពីទីរួមខេត្តពោធិ៍សាត់ ដល់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងពីទីរួមខេត្តពោធិ៍សាត់ ដល់ព្រំប្រទល់ខេត្តបាត់ដំបង ដែលគ្រោងនឹងបញ្ចប់ឱ្យបានមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ និងបន្តចាក់ពង្រីកចិញ្ចើមផ្លូវ គិតចាប់ពីផ្លូវជាតិ៥ តាមផ្លូវជាតិលេខ៥៥ ធ្វើជាគម្រូបច្ចុប្បន្នកំពុងដំណើរការ។
ក្នុងថ្ងៃដដែលនោះ ឯកឧត្តម ខូយ រីដា ក៏បានបន្តចុះត្រួតពិនិត្យវឌ្ឍនភាព និងវាយតម្លៃគម្រោងមូលនិធិឃុំ នៅឃុំក្បាលត្រាច និងឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយបានប្តេជ្ញាចិត្ត ជំរុញដល់បណ្តាក្រុងស្រុក ឃុំសង្កាត់ ត្រូវពង្រឹង ពង្រីក និងថែទាំ នូវហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ ឱ្យមានគុណភាព ជៀសវាងខូចខាត ដែរនាំឱ្យខាតបង់ថវិកាជាតិ៕


















































