ក្រុមគ្រួសារសម្ដេចវិបុលបញ្ញា សុខ អាន ឧបត្ថម្ភថវិកា ១០ម៉ឺនដុល្លារ និងពងមាន់ ១លានគ្រាប់ សម្រាប់ជួយដល់កងទ័ពជួរមុខនិងជនភៀសសឹក


ក្រុមគ្រួសារសម្ដេចវិបុលបញ្ញា សុខ អាន បានចូលរួមឧបត្ថម្ភថវិកា ចំនួន១០ម៉ឺនដុល្លារ និងពងមាន់សោម៉ា ហ្វាមចំនួន១លានគ្រាប់ ជួយដល់កងទ័ពជួរមុខកម្ពុជា ដែលឈរជើងនៅបណ្តោយព្រំដែនកម្ពុជា-ថៃ និងជនភៀសសឹក តាមរយៈ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។
ការចូលរួមឧបត្ថម្ភជាស្បៀងអាហារ និងថវិកា របស់ក្រុមគ្រួសារសម្ដេចវិបុលបញ្ញា គឺជាការចូលរួមចំណែកលើកទឹកចិត្ត ដល់កងទ័ពកម្ពុជាដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំ ដើម្បីការពារបូរណភាពទឹកដី សម្បត្តិបេតិកភណ្ឌ និងប្រជាជននៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
ឆ្លៀតឱកាសនេះ សូមបួងសួងដល់ ទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បុព្វបុរសខ្មែរគ្រប់ព្រះអង្គ និងវត្ថុសក្តិសិទ្ធិក្នុងលោក សូមតាមថែរក្សាការពារកងទ័ពកម្ពុជារបស់យើង ឱ្យជួបប្រទះតែសេចក្តីសុខ ជៀសផុតពីជំងឺដង្កាត់ទាំងឡាយ ហើយឈ្នះអស់ខ្មាំងសត្រូវ៕