ពលរដ្ឋខ្មែរនៅនូវែលហ្សេឡង់ ជួបជុំគ្នាថ្កោលទោសការឈ្លានពានរបស់ថៃ និងដាក់ញត្តិជូនរដ្ឋាភិបាលនូវែលហ្សេឡង់ ជួយរកយុត្តិធម៌ជូនជនរងគ្រោះ


ប្រជាពលរដ្ឋ និង និស្សិត ខ្មែរ ដែរ រស់ នៅ និង សិក្សា នៅទីក្រុង អូក្លិន (Auckland) ហាមីលតុន (Hamilton) និង ក្រុងហុកស្បេ (Hawke’ Bay) នៅថ្ងៃទី២០ និងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥នេះ បានរៀបចំការជួបជុំសម្តែងមតិយ៉ាងអធិកអធមនៅទីលាន Aotea Square ទីក្រុង Auckland និងមុខអាគាររដ្ឋបាលក្រុង ទី ក្រុង Hawke’sBay ដើម្បីប្រឆាំងនឹងការឈ្លានពានរបស់កងទ័ពថៃមកលើអធិបតេយ្យភាពកម្ពុជា។

ការជួបជុំនេះ ធ្វើឡើងក្នុងគោលបំណងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការបាញ់ប្រហាររបស់យោធាថៃមកលើស៊ីវិលស្លូតត្រង់ ដែលបណ្តាលឱ្យមានអ្នកស្លាប់ របួស និងបង្កឱ្យមានជនភៀសសឹករាប់សែននាក់ ព្រមទាំងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើននៅតំបន់ព្រំដែន។

សំណូមពរ និងការទាមទារសំខាន់ៗ នៅក្នុងញត្តិដែលត្រៀមដាក់ជូនរដ្ឋាភិបាលនូវែលហ្សេឡង់ បងប្អូនខ្មែរ បានលើកឡើងនូវចំណុចស្នូលចំនួន ៤រួមមាន៖

* យុត្តិធម៌សម្រាប់ជនរងគ្រោះ៖ ទាមទារឱ្យមានការទទួលខុសត្រូវចំពោះការបាញ់ប្រហារលើប្រជាជនស៊ីវិល។
* ការគោរពកិច្ចព្រមព្រៀង៖ បង្ខំឱ្យភាគីថៃគោរពកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរ ឱ្យបានម៉ឺងម៉ាត់បំផុត។
* បញ្ឈប់សង្រ្គាមឈ្លានពាន៖ ទាមទារឱ្យថៃដកទ័ព និងបញ្ឈប់ការរំលោភច្បាប់អន្តរជាតិមកលើទឹកដីកម្ពុជាជាបន្ទាន់។
* ដោះលែងឈ្លើយសឹក៖ ទាមទារឱ្យមានការដោះលែងទាហានកម្ពុជាដែលត្រូវបានចាប់ខ្លួន ដោយគ្មានលក្ខខណ្ឌ។

ក្រៅពីការតវ៉ា បងប្អូនខ្មែរនៅនូវែលហ្សេឡង់ក៏បានបង្ហាញនូវសាមគ្គីភាពយ៉ាងរឹងមាំ តាមរយៈការកៀរគរ និងប្រមូលមូលនិធិសប្បុរសធម៌ ដើម្បីផ្ញើមកជួយសង្គ្រោះដល់បងប្អូនជនភៀសសឹកដែលកំពុងខ្វះខាតស្បៀងអាហារ និងជម្រកនៅតាមព្រំដែន។

សកម្មភាពនេះ បានបង្ហាញទៅកាន់ពិភពលោកនូវឆន្ទៈមោះមុតរបស់កូនខ្មែរ ទោះនៅឆ្ងាយពីមាតុភូមិ ក៏នៅតែរួបរួមគ្នាការពារយុត្តិធម៌ និងសន្តិភាពសម្រាប់ជាតិមាតុភូមិរបស់ខ្លួនជានិច្ច៕