ឯកឧត្តម ម៉ម ឡេងយ៉ានី ជួបសំណេះសំណាល ជាមួយបងប្អូនចំណុះទូកង ផលបូរីសែនជ័យ ( វត្ត អម្ពរផល )


រសៀលថ្ងៃទី០៧ ខែវិច្ឆកា ឆ្នាំ២០១៧ ឯកឧត្តម ម៉ម ឡេងយ៉ានី នាយករងខុទ្ធកាល័យ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា , លោកជំទាវ សាយ ចាន់ណាក់ នាយិការងខុទ្ទកាល័យ និង ក្រុមការងារ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនចំណុះទូកង ផលបូរីសែនជ័យ ដែលជាទូកអំណោយរបស់សម្តេច ប្រធានព្រឹទ្ធសភា ជូនវត្ត អម្ពផល ស្ថិតនៅភូមិចុងកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ឯកឧត្តម និងលោកជំទាវនាយិការងខុទ្ទកាល័យ បាននាំយកនូវពាក្យផ្តាំផ្ញើសរសើរលើកទឹកចិត្ត ពីសម្តេចភក្តី ប្រគេនព្រះតេជគុណព្រះគ្រូចៅអធិការវត្ត និងជូនចំពោះ គណៈកម្មការអាចារ្យវត្ត ក្រុមការងារទូកង ជាពិសេស សរសើរ លើកទឹកចិត្ត បងប្អូនចំណុះទូកង ទាំងអស់ ដែលបានប្រឹងប្រែងដណ្តើមជ័យជំនះទាំង៣ថ្ងៃពេញ នាព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកកន្លងមកថ្មីៗនេះ។ នៅក្នុងឱកាសនេះដែរ ឯកឧត្តម លោកជំទាវ តំណាងខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា ក៏បាននាំនូវអំណោយរួមមាន៖ អង្ករ ០៣តោន មីយើង ២០កេសធំ នឹងថ្នាំពេទ្យមួយចំនួន ចែកជូនក្រុមចំណុះទូក និងគណៈកម្មការទូកង ផលបូរីសែនជ័យ ផងដែរ៕