រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ព្រមទាំងសប្បុរសជន និងអង្គការនគរទេព នាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ប្រគល់ជូនអាជ្ញាធរខេត្តសៀមរាប ដើម្បីផ្គត់ផ្គង់ដល់ជនភៀសសឹក


លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងលោក ត្រាក់ ថៃសៀង ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ សប្បុរសជន និងអង្គការនគរទេព នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ រួមមានអង្ករចំនួន១០តោន កញ្ចប់សម្ភារៈប្រើប្រាស់១០០០កញ្ចប់ និងទឹកបរិសុទ្ធចំនួន១០០០កេស ប្រគល់ជូនអាជ្ញាធរខេត្តសៀមរាប ដើម្បីផ្គត់ផ្គង់ដល់ជនភៀសសឹកតាមតម្រូវការជាក់ស្តែង។

ជំនួយទាំងនេះ បានមកពីទឹកចិត្តចូលរួមរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងកិច្ចការនារី អង្គការនគរទេព និងសប្បុរសជននានា ក្រោមស្មារតីរួបរួមសាមគ្គីនៃមហាគ្រួសារខ្មែរតែមួយ ក្នុងកាលៈទេសៈដែលភាពតានតឹងជាមួយប្រទេសជិតខាង។

ជាងនេះទៀត ការផ្តល់ជូននេះ គឺជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការជួយឧបត្ថម្ភគាំទ្រ និងសម្រាលការលំបាករបស់ជនភៀសសឹក ដែលបាននិងកំពុងស្នាក់នៅជាបណ្តោះអាសន្ននៅទីកន្លែងសុវត្ថិភាព ក្រោមការសម្របសម្រួលនិងយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរខេត្ត៕