ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈអចិន្ដ្រៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញទទួលអំណោយដែលជាការឧបត្ថម្ភរបស់ លោក Wang Wenfu អ្នកគ្រប់គ្រងទូទៅ ក្រុមហ៊ុន CHINA CONSTRUCTION MIDLAND (CAMBODIA) CO.,LTD ដែលនាំយកមកនៅគ្រឿងឧបរភោគនិងបរិភោគ មកចូលរួមក្នុងមូលនិធិសប្បុរសធម៌ ដែលរៀបចំដោយក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យអភិវឌ្ឍន៍ជនបទ។
អំណោយដែលបានឧបត្ថម្ភនាពេលនោះ រួមមាន៖ អង្ករ ចំនួន ៥០បាវ ១២.៥ តោន ,មី ចំនួន ៤០កេស, ទឹកបរិសុទ្ធ ចំនួន ៥០កេស និងកាហ្វេ ចំនួន ២០ប្រអប់ សម្រាប់យកទៅឧបត្ថម្ភដល់គ្រួសារវីរកងទ័ព និងប្រជាជនភៀសសឹកកម្ពុជាដែលបានជម្លៀសខ្លួនពីលំនៅដ្ឋាន ហើយកំពុងស្នាក់នៅបណ្ដោះអាសន្ននៅតាមទីតាំងសុវត្ថិភាពនានា ក្នុងអំឡុងពេលនៃការប៉ះទង្គិចដោយប្រដាប់អាវុធ រវាងយោធាកម្ពុជា និងថៃនាពេលកន្លងមកនេះ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ដ្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសន្ដានចិត្តប្រកបដោយសប្បុរសធម៌របស់តំណាងក្រុមហ៊ុន ដែលបានចូលរួមបរិច្ចាគនូវគ្រឿងឧបភោគបរិភោគ ដែលជាតម្រូវការចាំបាច់សម្រាប់ជួយដល់គ្រួសារវីរកងទ័ព និងជនភៀសសឹក ស្របតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល ដើម្បីជួយសម្រាលដល់ការលំបាករបស់ពួកគាត់។ សកម្មភាពប្រកបដោយសប្បុរសធម៌នេះ គឺជាការឆ្លុះបញ្ចាំងអំពីការចេះជួយយកអាសារគ្នាក្នុងគ្រាលំបាកនៅគ្រប់កាលៈទេសៈ៕











