ឯកឧត្តម វង សូត អញ្ជើញសួរសុខទុក្ខគ្រួសារសពវីរកងទ័ព៥រូប ដែលពលីនៅសមរភូមិ ក្នុងបេសកកម្មការពារទឹកដី


ដើម្បីជួយសម្រាលទុក្ខលំបាកគ្រួសារយុទ្ធជនពលីនៅសមរភូមិមុខ តំបន់ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ខេត្តឧត្តរមានជ័យ ក្នុងបេសកកម្មការពារបូរណភាពទឹកដី នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា រួមជាមួយតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ បានអញ្ជើញចុះសួរសុខទុក្ខគ្រួសារយុទ្ធជនពលីលោកឧត្តមសេនីយ៍ត្រី សុខ ផល លោកអនុសេនីយ៍ទោ អ៊ាន សុខ លោកវរសេនីយ៍ត្រី ហេង ចាន់ធឿន លោកអនុសេនីយ៍ត្រី ពេជ្រ បូរ៉ែន និងលោកពលបាលត្រី ជួន ម៉េងហុង ដល់គេហដ្ឋានផ្ទាល់ ស្ថិតនៅស្រុកមេមត់ និងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលបានពលីក្នុងការការពារបូរណភាពទឹកដីកម្ពុជា។

ក្នុងឱកាសដ៏សោកសង្រេង និងក្តុកក្តួលបំផុតនេះ ឯកឧត្តម វង សូត ក៏បានពាំនាំមកនូវការចូលរួមមរណទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងប្រធានព្រឹទ្ធសភា, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះការលះបង់អាយុជីវិតរបស់សពវីរជនទាំង៥រូប ក្នុងការការពារបូរណភាពទឹកដី និងប្រជាជនកម្ពុជា។

ឯកឧត្តម ក៏បានសម្ដែងនូវការសោកស្ដាយ និងក្រៀមក្រំជាទីបំផុតចំពោះមរណភាពរបស់វីរកងទ័ព ដែលនេះគឺជាការបាត់បង់អ្នកស្នេហាជាតិដ៏ឧត្តុង្គឧត្តមដែលបានរួមចំណែកយ៉ាងធំធេង ក្នុងការប្រយុទ្ធតស៊ូយ៉ាងអង់អាចក្លាហានជាមួយទ័ពថៃ។ ពលិកម្មដែលពុំអាចកាត់ថ្លៃបានរបស់យុទ្ធជនកម្ពុជា គឺដើម្បីបុព្វហេតុការពារជាតិមាតុភូមិ និងសុខសន្តិភាពរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស និងជាគំរូវីរភាពដែលយុវជន និងប្រជាពលរដ្ឋខ្មែរគ្រប់រូបនឹងចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លាក្នុងមនសិការស្នេហាជាតិដ៏ឧត្តុង្គឧត្តមនេះ។

ជាការដឹងគុណនូវគំរូវីរភាពដ៏អង់អាចរបស់យុទ្ធជនពលីគ្រប់រូប រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តែងតែគិតគូរនិងយកចិត្តទុកដាក់ជានិច្ច ហើយបានរៀបចំដោះស្រាយគោលនយោបាយ ឧបត្ថម្ភទ្រទ្រង់ជីវភាពជូនក្រុមគ្រួសារសពបានយ៉ាងសមរម្យបំផុត។

ឯកឧត្តមបានគូសបញ្ជាក់ថា ប្រជាជាតិខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុងប្រទេស និងក្រៅប្រទេស ត្រូវរួបរួមគ្នាជាធ្លុងមួយយ៉ាងរឹងមាំ បន្តជឿជាក់ និងផ្តល់កម្លាំងចិត្តដល់វីរកងទ័ពជួរមុខ ព្រមទាំងគាំទ្រ និងជឿជាក់លើការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន អគ្គភស្តុភារកំពូល និងសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារបូរណភាពទឹកដី មិនឱ្យបាត់បង់ទឹកដីឡើយ។

សកម្មភាពចុះសួរសុខទុក្ខគ្រួសារយុទ្ធជនពលី នាឱកាសនេះ គឺបានបង្ហាញពីការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំរដ្ឋសភា និងជាសក្ខីភាពបញ្ចាក់យ៉ាងច្បាស់ថា រដ្ឋសភា និងរាជរដ្ឋាភិបាល មិនដែលបំភ្លេចនូវពលិកម្មរបស់វីរកងទ័ព វីរកងនគរបាល ហើយតែងតែនៅជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។

ជាការចូលរួមរំលែកមរណទុក្ខជូនគ្រួសារសព ក្នុងមួយគ្រួសារៗទទួលបានថវិកា ៥លានរៀល អង្ករ ២៥០គីឡូក្រាម មី៥កេស ក្នុងនោះថវិកាសម្តេចមហារដ្ឋសភាធិការធិបតីប្រធានរដ្ឋសភា ១លានរៀល ថវិកាលោកផ្ទាល់ រួមជាមួយតំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ ៤លានរៀល អង្ករ ២៥០គីឡូក្រាម និងមី ៥កេស៕