អនុប្រធានទី១ព្រឹទ្ធសភា អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយ ប្រគល់ជូនតំណាងវីរកងទ័ព នៅខេត្តឧត្តរមានជ័យ និងប្រជាពលរដ្ឋភៀសសឹក នៅស្រុកក្រឡាញ់ ខេត្តសៀមរាប


ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា តំណាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា អមដំណើរដោយសមាជិកព្រឹទ្ធសភា ឯកឧត្តមទេសរដ្ឋមន្ត្រី គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និង ជាប្រធានក្រុមមេធាវីស្ម័គ្រចិត្ត សម្តេចតេជោសែន និងសហការី ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ទីប្រឹក្សានិងសមាជិកខុទ្ទកាល័យ និងជាប្រធានគណៈមេធាវីសម្តេចតេជោ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗ ប្រគល់ជូនដល់វីរៈកងទ័ពការពារប្រាសាទតាមាន់ ប្រាសាទតាក្របី និងប្រាសាទខ្នា និងជូនប្រជាពលរដ្ឋភៀសសឹកចំនួន១.០០០គ្រួសារជាមួយថវិការមួយចំនួនស្ថិតក្នុងបរិវេណវត្តបទុមរតនញាណស្រណាល ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។ នៅក្នុងឱកាសជួបសំណេះសំណាលនេះ ក៏មានព្រះវត្តមាន អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ រ៉ាវី វឌ្ឍនាមុនីពង្ស ផងដែរ។

មានប្រសាសន៍សំណេះសំណាលដាច់ដោយឡែកពីគ្នា អនុប្រធានទី១ព្រឹទ្ធសភា បានពាំនាំនូវការផ្ដាំផ្ញើការសាកសួរសុខទុក្ខ និងពរសព្វសាធុការពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកស្រី ជូនដល់វីរយុទ្ធជនដែលកំពុងឈរជើងយ៉ាងរឹងមាំនៅគ្រប់ទីកន្លែងនិយាយជារួម និងនិយាយដោយឡែកជូនដល់វីរយុទ្ធជន ដែលកំពុងឈរជើងនៅនៅក្នុងខេត្តឧត្តរមានជ័យ និងជូនដល់បងប្អូន អ៊ំ ពូ មីង ក្មួយៗ និងចៅៗជាជនភៀសសឹកទាំងអស់ដែលកំពុងស្នាក់នៅក្នុងបរិវេណវត្តបទុមរតនញាណស្រណាលនេះ។

ជាមួយនិងការសម្តែងនូវការគោរពដ៏ជ្រាលជ្រៅចំពោះវីរៈភាពអង្គអាចក្លាហានរបស់វីរយុទ្ធជន ដើម្បីបុព្វហេតុការពារជាតិមាតុភូមិកម្ពុជា និងការប្រសិទ្ធពរជ័យជូនវីរយុទ្ធជនដ៏អង់អាចក្លាហាននៅតាមព្រំដែន បានជួប តែសុខសុវត្ថិភាព និងទទួលបានជ័យជម្នះលើសមរភូមិ វាយបំបាក់ឱ្យបរាជ័យរាល់ការប៉ុនប៉ងរំលោភបំពាន និងមហិច្ឆតាប្លន់ទឹកដីរបស់ពួកចោរឈ្លានពាន អនុប្រធានទី១ បានសម្តែងនូវមោទនភាពជាតិខ្ពស់ចំពោះទឹកចិត្តស្នេហារជាតិ សាមគ្គីឯកភាពជាតិ ជាធ្លុងមួយ នៅគ្រប់ស្រទាប់វណ្ណៈក្នុងសង្គមជាតិ ជួយគាំទ្រទាំងកម្លាំងកាយ ចិត្ត និងសម្ភារៈដល់សមរភូមិមុខ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋភៀសសិក នៅក្នុងកាលៈទេសៈដ៏លំបាកនេះ។

ឯកឧត្តមក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានជំនឿជឿជាក់មកលើការដឹកនាំប្រកបដោយគិតិបណ្ឌិត និងវៃឆ្លាតរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការចាត់វិធានការនានាដើម្បីការពារបូរណភាពដែនដី និងដោះស្រាយវិវាទព្រំប្រទល់ជាមួយប្រទេសថៃដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន សំដៅធានាបាននូវសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពជូនជាតិមាតុភូមិ។

នៅថ្ងៃនោះដែរ ឯកឧត្តមអនុប្រធានទី១ និងគណៈប្រតិភូ ក៏បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកអនុសេនាតូចលេខ២ កេត សុភ័ត្ត្រា មេបញ្ជាការរងទី៣ ឈរជើងនៅប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ដែលបានពលីជីវិតក្នុងសមរភូមិប្រយុទ្ធតតាំងនឹងការឈ្លានពានរបស់ទ័ពថៃ ក្នុងបុព្ហហេតុការពារអធិបតេយ្យ ភាពជាតិ និងបូរណភាពទឹកដីកម្ពុជា (ជីវិតជូនជាតិ ធាតុជូនម្តាយ) និងនាំយកនូវអំណោយ ព្រមទាំងថវិការមួយចំនួនជូនដល់គ្រួសារសព នៅគេហដ្ឋានស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប៕