នារសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព(ក.ជ.អ.ច.) បានអនុញ្ញាតឱ្យកញ្ញា Fiona Lord តំណាងវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) ប្រចាំនៅកម្ពុជា ចូលសម្ដែងការគួរសមក្រោយការបញ្ចប់អណត្តិការងាររបស់ខ្លួននៅកម្ពុជា។ ក្នុងជំនួបនេះ កញ្ញា Fiona Lord បានធ្វើសេចក្ដីសង្ខេបជូននូវលទ្ធផលដែលសម្រេចបានក្រោមការសហការជាមួយ ក.ជ.អ.ច. ក្នុងរយៈពេលបីឆ្នាំកន្លងមក រួមមាន ការរៀបចំផែនការយុទ្ធសាស្រ្តទីក្រុងបៃតង និងផែនការវិនិយោគទីក្រុងបៃតងអាទិភាពសម្រាប់រាជធានីភ្នំពេញ ការសិក្សាសមទ្ធិលទ្ធភាពនៃគម្រោងអាងប្រព្រឹត្តកម្មបែបវិមជ្ឈការ និងកសិដ្ឋានថាមពលសូឡានៅខេត្តកែប ការគាំទ្រលើវិស័យប្រសិទ្ធភាពថាមពលសម្រាប់សហគ្រាសធន់តូច និងមធ្យម និងការបញ្ជ្រាបចំណេះដឹងការអភិវឌ្ឍន៍បៃតងនៅកម្ពុជាផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តីបានកោតសរសើរនូវកិច្ចខិតខំប្រឹងប្រែងរបស់ កញ្ញា Fiona Lord និង GGGI ក្នុងការគាំទ្រការអភវិវឌ្ឍនៅកម្ពុជា ជាពិសេសការបញ្ជ្រាបការអភិវឌ្ឍន៍បៃតងទៅក្នុងគោលនយោបាយ និងផែនការយុទ្ធសាស្ត្រ ពោលសំដៅឆ្ពោះទៅការអភិវឌ្ឍនិរន្តរភាពទីក្រុង និងការអភិវឌ្ឍដោយចីរភាពនៅកម្ពុជា៕