អភិបាលខេត្តព្រះវិហារ៖ ពលរដ្ឋភៀសសឹកជាង៥,០០០គ្រួសារ បានវិលត្រឡប់ទៅលំនៅឋានវិញ ស្មើ៣១ភាគរយ


លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានឲ្យដឹងថា គិតមកត្រឹមថ្ងៃទី២ ខែមករា ឆ្នាំ២០២៦នេះ មានប្រជាពលរដ្ឋភៀសសឹកជាង៥,០០០គ្រួសារហើយ បានវិលត្រឡប់ពីទីតាំងស្នាក់នៅបណ្ដោះអាសន្ន ដើម្បីទៅលំនៅឋានដើមវិញ បន្ទាប់ពីសភាពការណ៍នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ មានសភាពស្ងាត់ស្ងាត់ និងមានសុវត្ថិភាពឡើងវិញ។

លោកអភិបាលខេត្តបានបញ្ជាក់ថា ចំនួនប្រជាពលរដ្ឋភៀសសឹកដែលបានវិលត្រឡប់ទៅដល់លំនៅដ្ឋានវិញសរុបចំនួន៥,១៤៧ គ្រួសារ (ស្មើនឹង១៤,៨៧៣នាក់ ក្នុងនោះស្រី៧,៣១៧នាក់) ស្មើនឹងប្រមាណ៣១% នៃចំនួនប្រជាពលរដ្ឋភៀសសឹកសរុបចំនួន១៦,៤២០គ្រួសារ។

បើតាមលោក គីម រិទ្ធិ, ជាយ៉ាងណាក៏ដោយ ចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ប្រឈមហានិភ័យខ្ពស់មួយចំនួន នៅតែបន្តស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាព និងទីតាំងសុវត្ថិភាពនានានៅឡើយ ដើម្បីតាមដានសភាពការណ៍បន្ថែម៕