នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ទីប្រឹក្សាផ្ទាល់ និងជាបេសកជនពិសេសរបស់សម្តេចតេជោ ហ៊ុន សែន និងជាអនុប្រធានទី២ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារថ្មីនៃទីស្នាក់ការគណបក្សស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
អគារស្នាក់ការថ្មីដ៏ស្រស់ស្អាតនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោកអ្នកឧកញ៉ា ទ្រី ភាព និងលោកស្រីអ្នកឧកញ៉ា គៀន ស្រីនាង។
អគារនេះមានទំហំ ១៧ម៉ែត្រ x ៤៨ម៉ែត្រ (ធំជាងអគារចាស់ ២៤៦ម៉ែត្រការ៉េ) ដែលអាចផ្ទុកអ្នកចូលរួមបានចន្លោះពី ៦០០ ទៅ ៨០០នាក់។ ការសម្រេចសាងសង់អគារថ្មីនេះឡើង គឺដើម្បីជំនួសអគារចាស់ដែលបានកសាងតាំងពីឆ្នាំ២០០៤ (មានទំហំត្រឹមតែ ១៥ម៉ែត្រ x ៣៨ម៉ែត្រ) ដែលមានសភាពទ្រុឌទ្រោម និងមិនអាចឆ្លើយតបទៅនឹងកំណើនសមាជិកបក្សនាពេលបច្ចុប្បន្ន។
គម្រោងសាងសង់រួមទាំងសម្ភារបរិក្ខារ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ បានបញ្ចប់ជាស្ថាពរកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយចំណាយថវិកាសរុបចំនួន ៥៥០.០០០ដុល្លារអាមេរិក។
ថ្លែងក្នុងឱកាសនេះ លោកអ្នកឧកញ៉ា ទ្រី ភាព បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី ព្រមទាំងលោកកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកណ្ដាលស្ទឹង ចំពោះសមាជិកសមាជិកាបក្សទាំងអស់ដែលមានវត្តមាននៅថ្ងៃនេះផងដែរ។
បន្ថែមលើនេះ លោកអ្នកឧកញ៉ា ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ថ្នាក់ដឹកនាំ ព្រមទាំងសមាជិក សមាជិកាបក្សទាំងអស់ដែលបានរួមសាមគ្គីគ្នាអនុវត្តកម្មវិធីនយោបាយរបស់គណបក្សបានយ៉ាងល្អប្រសើរ។ លោកអ្នកឧកញ៉ាបានសង្កត់ធ្ងន់ថា រាល់សមិទ្ធផលដែលកើតមានឡើង គឺដោយសារការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ និងបន្តវេនដោយសម្តេចធិបតី។
លោកអ្នកឧកញ៉ា ក៏បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាអង្ករ ៤០តោន និងថវិកាមួយចំនួនមកចែកជូនអង្គភាព ព្រមទាំងសមាជិកសមាជិកាទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងពិធី ដែលសរុបជាថវិកាអស់ប្រមាណ ៤០០ លានរៀល៕







































