សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលប្រជាពលរដ្ឋខ្មែរប្រសិទ្ធនាមជា «មាតាមនុស្សធម៌» បានចាត់មន្ត្រីកាកបាទក្រហមនាំយកថវិកាចូលរួមបុណ្យសព ១០លានរៀល និងរំលែកមរណទុក្ខដ៏មហាក្រៀមក្រំជាមួយក្រុមគ្រួសារសពវីរៈកងទ័ពដ៏អង់អាចក្លាហាន ពុំ ស្មៃ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ លើសមរភូមិទិសអានសេះ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
វីរៈកងទ័ពកម្ពុជាដែលបានពលីលើសមរភូមិ មិនត្រូវបានមើលរំលងនោះឡើយ ពីសំណាក់ថ្នាក់ដឹកនាំ ជាពិសេសកាកបាទក្រហមកម្ពុជា ដែលតែងចាត់មន្ត្រីចូលរួមគោរពវិញ្ញាណក្ខន្ធ និងចាត់ចែងពិធីបុណ្យសពយ៉ាងស័ក្តិសមបំផុតទៅនឹងគុណបំណាច់របស់ពួកគេ។
ការពលីជីវិតរបស់វីរយុទ្ធជន ពុំ ស្មៃ ក៏ទទួលបានក្តីអាណិតអាសូរយ៉ាងខ្លាំងពីប្រជាពលរដ្ឋ ហើយបានចូលរួមរំលែកមរណទុក្ខ និងបុណ្យសពពីសំណាក់ប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនរូបផងដែរ បន្ទាប់ពីបានឃើញតាមរយៈប្រព័ន្ធផ្សព្វផ្សាយ។ កាយវិការទាំងនេះ បង្ហាញច្បាស់ថា ប្រជាពលរដ្ឋផ្តល់នូវការគោរពយ៉ាងខ្លាំងក្លាបំផុតចំពោះវីរយុទ្ធជន ដែលបានធ្វើពលីកម្មដ៏អង់អាចក្លាហាន ដើម្បីជាតិ និងទឹកដីជាទីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតនៃប្រជាជាតិកម្ពុជា។ សង្ខារបស់ ពុំ ស្មៃ បានលាចាកទៅក៏មែនពិត តែកិត្តិយស និងកេរ្តិ៍ឈ្មោះដ៏អង់អាចក្លាហានក្នុងនាមជាអ្នកការពារជាតិ និងទឹកដី បន្តឆ្លាក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែររាប់ពាន់ឆ្នាំមិនសាបសូន្យតាមរូបកាយនោះឡើយ។
ពុំ ស្មៃ ជាវីរៈកងទ័ពរបស់កម្ពុជា មានស្រុកកំណើតនៅស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។ ការពលីជីវិតលើសមរភូមិរបស់វីរយុទ្ធជន ពុំ ស្មៃ បន្សល់ទុកកូនតូច២នាក់។ សូមវិញ្ញាណក្ខន្ធ ពុំ ស្មៃ បានទៅកាន់សុគតិភព។ យើងខ្ញុំជាប្រជាជាតិខ្មែរចងចាំនូវគុណូបការៈដ៏មហាសាលរបស់ ពុំ ស្មៃ គ្មានថ្ងៃបំភ្លេចនោះឡើយ៕











