អភិបាលខេត្តបាត់ដំបង ជួបសំណេះសំណាល និងនាំអំណោយចែកជូនគ្រួសារវីរកងទ័ពជិត៣០០គ្រួសារ នៅស្រុកបាណន់


ឯកឧត្តម សុខ លូអភិបាលខេត្តបាត់ដំបង និងលោកជំទាវ ព្រមទាំងសហការី នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦នេះ បានបន្តចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ឧបត្ថម្ភជូនដល់គ្រួសារវីរកងទ័ពជួរមុខឈរជើងការពារព្រំដែន ការពារបូរណភាពទឹកដី ចំនួន ២៧៨គ្រួសារ នៅស្រុកបាណន់។ ពិធីនេះប្រារព្ធធ្វើនៅបរិវេណសាលាស្រុកបាណន់ ខេត្តបាត់ដំបង។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនេះ ឯកឧត្តម សុខ លូ បានលើកឡើងថា រាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់តែងតែយកចិតទុកដាក់ ចំពោះគ្រួសារវីរកងទ័ពជួរមុខ ជានិច្ច ដោយមិនទុកបងប្អូនចោលឡើយ តែងតែមើលថែ ឧបត្ថម្ភទំនុកបម្រុងមិនឱ្យជួបការខ្វះខាតឡើយ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ការយកចិត្តទុកដាក់នេះ ដើម្បីកុំឱ្យបងប្អូនវីរកងទ័ពមានការព្រួយបារម្ភចំពោះក្រុមគ្រួសារ សាច់ញាតិឡើយ ព្រោះវីរកងទ័ពត្រូវមានកាតព្វកិច្ចឈរជើងការពារបូរណភាពទឹកដីនៅជួរមុខ ដូនេះក្រុមគ្រួសារត្រូវបានអាជ្ញាធរ បន្តយកចិត្តទុកដាក់គ្រប់ពេលវេលា។

ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាពលរដ្ឋ ដែលមានសាច់ញាតិ ជាកងទ័ពបម្រើជាតិ តស៊ូលះបង់គ្រប់បែបយ៉ាងក្នុងការការពារបូរណភាពទឹកដី និងក្រើនរម្លឹកបងប្អូនត្រូវរួបរួមគ្នា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្តេចតែងយកចិត្តទុកដាក់ខ្ពស់លើប្រជាពលរដ្ឋទូទៅ និងក្រុមគ្រួសារកងទ័ពជានិច្ច៕