លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបុណ្យសព និងគោរពវិញ្ញាណក្ខន្ធរបស់វីរកងទ័ពពលី


លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញរួមពិធីបុណ្យសព និងគោរពវិញ្ញាណក្ខន្ធរបស់វីរកងទ័ពពលី ។

នេះគឺជាការសោកស្តាយជាទីបំផុតមួយ សម្រាប់ប្រទេសជាតិ និងក្រុមគ្រួសារចំពោះការបាត់បង់ដ៏ធំធេងនូវវីរកងទ័ព ជាធនធានមនុស្ស ជាស្វាមី ជាឪពុក និងជាបង ជាប្អូន ដែលបានពលីអាយុជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ ។

ដោយទឹកចិត្តសោកសៅជាពន់ពេក លោកជំទាវបណ្ឌិត បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធវីរកងទ័ពដោយផ្ទាល់ នៅគេហដ្ឋានរបស់សព ដែលកំពុងធ្វើបុណ្យតាមប្រពៃណី នៅក្នុងទឹកដីខេត្តកំពង់ស្ពឺ។

ក្នុងវេលាដ៏ក្រៀមក្រំនេះដែរ លោកជំទាវបណ្ឌិត ថែមទាំងបានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពផងដែរ ។

ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ក៏បាននាំយកមកជាមួយនូវអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់ក្រុមគ្រួសារនៃសព ដើម្បីជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃ៕