នាព្រឹកថ្ងៃអង្គារ ៣រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានអាជ្ញាធរទន្លេសាប បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ នៅសាលប្រជុំនៃទីស្ដីការក្រសួង ដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ។
សូមជម្រាបថា កិច្ចប្រជុំដ៏មានសារសំខាន់នេះ មានការធ្វើបទបង្ហាញស្ដីពីរបាយការណ៍បូកសរុបការងារឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦របស់ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានកិច្ចការដ្ឋបាល អគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស អាជ្ញាធរទន្លេសាប គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងពីអង្គភាពគ្រប់គ្រងគម្រោងដែលទទួលហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍រួមមាន ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) ប្រទេសកូរ៉េ ប្រទេសបារាំង ប្រទេសជប៉ុន ប្រទេសចិន ធនាគារពិភពលោក(WB) និងប្រទេសឥណ្ឌា។
ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងថា ក្រសួងធនធានទឹក និងឧតុនិយម បានកំណត់អាទិភាពការងារ និងបានដាក់ចេញនូវយុទ្ធសាស្ត្រចំនួន៥សម្រាប់អនុវត្តគឺ យុទ្ធសាស្ត្រទី១-ពង្រឹងអភិបាលកិច្ចស្ថាប័ន ការអភិវឌ្ឍធនធានមនុស្ស សហប្រតិបត្តិការ និងគោលនយោបាយគ្រប់គ្រងទឹក យុទ្ធសាស្ត្រទី២-បង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធការងារទឹក និងអនុត្តរភាពប្រព័ន្ធធារាសាស្ត្រប្រកបដោយគុណភាព និងភាពធន់ យុទ្ធសាស្ត្រទី៣-ពង្រឹងសន្តិសុខទឹក និងការគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីបង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ យុទ្ធសាស្ត្រទី៤-ពង្រឹងការគ្រប់គ្រងលើការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍លើប្រព័ន្ធព័ត៌មានទិន្នន័យធនធានទឹក និងឧតុនិយម និង យុទ្ធសាស្ត្រទី៥-បង្កើនប្រសិទ្ធភាពការគ្រប់គ្រង និងការអភិរក្សធនធានទឹក។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ឱ្យដឹងថា ក្រសួងក៏ដូចជា គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប បានកំណត់នូវសកម្មភាពជាអាទិភាព សូចនាករ ពេលវេលា និងយន្តការសម្រាប់ត្រួតពិនិត្យនិងវាយតម្លៃដោយផ្អែកលើក្របខ័ណ្ឌលទ្ធផល ដើម្បីទទួលបានជោគជ័យក្នុងការពង្រឹងសន្តិសុខទឹក ការគ្រប់គ្រងអាងទន្លេនិងធនធានទឹកចម្រុះ ការការពារដែនព្រៃលិចទឹក ទ្រទ្រង់ប្រព័ន្ធអេកូឡូស៊ី ការអភិវឌ្ឍ និងការគ្រប់គ្រងធនធានទឹក និងឧតុនិយម ប្រកបដោយប្រសិទ្ធភាព ស័ក្ដិសិទ្ធិភាព និងនិរន្តរភាព៕


