អ្នកវិនិយោគចិននៅកម្ពុជា ប្រគល់អំណោយសប្បុរសធម៌ជូនសម្តេចប្រធានរដ្ឋសភា សម្រាប់ជួយដល់វីរកងទ័ពនិងជនភៀសសឹក


(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ បានអនុញ្ញតជូន គណៈប្រតិភូធុរជនចិនដែលវិនិយោគនៅកម្ពុជា ដឹកនាំដោយលោកស្រី ខារី លីវ នាយកប្រតិបត្តិមហាវិទ្យាល័យពាណិជ្ជកម្មអន្តរជាតិ នៃសាកលវិទ្យាល័យអាស៊ី -អឺរ៉ុប ចូលជួបសម្តែងការគួរសម ដើម្បីទទួលអនុសាសន៍និងបានប្រគល់អំណោយសប្បុរសធម៌ ជូនសម្តេចប្រធានរដ្ឋសភា សម្រាប់ចែកជូនវីរយុទ្ធជននៅសមរភូមិមុខនិងពលរដ្ឋភៀសសឹក។

សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសន្ដានចិត្តប្រកបដោយសប្បុរសធម៌របស់គណៈប្រតិភូ ដែលជាអ្នកវិនិយោគបរទេសនៅកម្ពុជា បានបរិច្ចាគធនធានផ្ទាល់ខ្លួនចូលរួមជាមួយពលរដ្ឋខ្មែរ នៅក្នុងគ្រាដ៏លំបាក ដែលកម្ពុជាបានកំពុងជួបប្រទះនេះ។ សម្តេចបានគូសបញ្ជាក់ថាកាយវិការមនុស្សធម៌នេះ បានឆ្លុះបញ្ចំាងយ៉ាងច្បាស់ពីចំណងមិត្តដែកថែកម្ពុជានិងចិន ដែលបានចាក់ឬសយ៉ាងជ្រៅនៅគ្រប់ប្រទាប់វណ្ណៈ រវាងប្រជាជននិងប្រជាជន ថ្នាក់ដឹកនាំនិងថ្នាក់ដឹកនាំ និងរវាងស្ថាប័ននិងស្ថាប័ន។ កាយវិការមនុស្សធម៌នៅក្នុងឱកាសនេះ បង្ហាញពីចំណងមិត្តភាព ស្មារតីមនុស្សធម៌ សាមគ្គីដ៏ស្មោះសររវាងប្រជាជននៃប្រទេសទំាងពីរ ដូចពាក្យស្លោកថា «មិត្តល្អជួយគ្នានៅគ្រាមានការលំបាក»។ សកម្មភាពមនុស្សធម៌នេះ ស្របតាមការលើកឡើងរបស់ លោកប្រធានាធិបតី ស៊ី ជីនពីង ក្នុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីខែមេសាឆ្នាំ២០២៥ ក្នុងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី គ្រប់រដូវកាល។

សម្តេចរដ្ឋសភាធិបតី បានជម្រាបពី ស្ថានការណ៍សង្រ្គាមឈ្លានពានរបស់ប្រទេសថៃមកលើអធិបតីភាពកម្ពុជានិងបានថ្លែងអំណរគុណជូនរដ្ឋាភិបាលប្រទេសចិន ដែលបានដើរតួនាទីដ៏សំខាន់នៅក្នុងការសម្របសម្រួលឱ្យមានការអនុវត្តបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព តាមរយៈជំនួបត្រីភាគី រវាងរដ្ឋមន្រ្តីការបរទេសកម្ពុជានិងថៃ ក្រោមការសម្របសម្រួល របស់ ឯកឧត្តម វ៉ាង យី រដ្ឋមន្រ្តីការបរទេសប្រទេសចិន កាលពីថ្ងៃទី២៨ ដល់ទី២៩ ខែធ្នូ នៅខេត្តយូណាន។ ជាមួយគ្នានេះ សម្តេចបានថ្លែងអំណរដល់មិត្តចិន ដែលបានផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ២០លានយន់ ដល់រដ្ឋាភិបាលកម្ពុជាដើម្បីជួយជនស៊ីវិលភៀសខ្លួនដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែនកម្ពុជា-ថៃ ផងដែរ។

លោកស្រី ខារី លីវ បានថ្លែងអំណរគុណជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភា ដែលបានឆ្លៀតពេលមមាញឹកទទួលជួបគណៈប្រតិភូវិនិយោគចិននៅកម្ពុជានាឱកាសនេះ។ លោកស្រីបានបញ្ជាក់ថា គណៈប្រតិភូដែលបានចូលជួបសម្តែងការគួរសមជាមួយសម្តេចប្រធានរដ្ឋសភាពេលនេះ ជាអ្នកបានវិនិយោគក្នុងវិស័យផ្សេងៗគ្នា ហើយពួកគាត់ម្នាក់ៗ បោះទុនវិយោគនៅកម្ពុជាក្នុងរយៈពេលលើសពី១០ឆ្នាំ មកហើយ។ កម្ពុជាបានផ្តល់នូវឱកាសល្អសម្រាប់ការវិនិយោគនិងការរស់នៅ ដូច្នេះការចូលរួមចំណែកបរិច្ចាគជួយសង្គមកម្ពុជានាឱកាសនេះ ជាការតបស្នងសងគុណដល់ប្រទេសនិងប្រជាជនកម្ពុជាវិញ។

លោកស្រីបានសម្តែងការកោតសរសើរចំពោះសមត្ថភាពនិងពេទ្យកោសល្យដឹកនាំស្ថាប័នរដ្ឋសភារបស់សម្តេចប្រធាន ដោយបានបញ្ជាក់ថា សម្តេចប្រធានរដ្ឋសភា ជាស្រ្តីគំរូ របស់ពួកគាត់។ អំណោយដែលគណៈប្រតិភូវិនិយោគចិននៅកម្ពុជា បានប្រគល់ជូនសម្តេចប្រធានរដ្ឋសភានាពេលនេះ មានអង្ករ១០តោន ទឹកបរិសុទ្ធ៥០០កេស នំចំនួន១៥កេស មីកំប៉ុងចំនួន២៥០កេស។ គណៈប្រតិភូបានបញ្ជាក់ថានឹងកៀរគរអំណោយមនុស្សធម៌ ប្រគល់ជូនសម្តេចប្រធានរដ្ឋសភាជាបន្តបន្ទាប់ទៀត។

សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណចំពោះអ្នកវិនិយោគបរទេសនៅកម្ពុជា ដែលមានការជឿទុកចិត្តយ៉ាងរឹងមាំលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។ នៅគ្រាដែលកម្ពុជាមានការលំបាកបែបនេះ អ្នកវិនិយោគចិន បន្តស្នាក់នៅកម្ពុជាហើយថែមទំាងបានពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀត។ ប្រការនេះ កើតមានបាន អាស្រ័យលើការមាននំនុកចិត្ត ជឿជាក់លើការដឹកនាំច្បាស់លាស់ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។

សម្តេចរដ្ឋសភាធិបតី បានស្នើសូមដល់អ្នកវិយោគទំាងអស់នៅកម្ពុជា ប្រែក្លាយឱកាស ដែលកម្ពុជាមានការលំបាកនេះ ជាកាលានុវត្តន៍ថ្មី ក្នុងការពង្រឹងមុខជំនួញរបស់ខ្លួន ដើម្បីការរីកចម្រើនទំាងអស់គ្នាពីព្រោះថារាជរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្តគ្រប់បែបយ៉ាងដល់ការវិនិយោគពីបរទេស។ កម្ពុជានៅមានសក្តានុពលជាច្រើនទៀត ដែលគេអាចពង្រីកនិងបោះទុនវិនិយោគបន្ថែមបាន៕