អភិបាលខេត្តតាកែវ កំណត់យកថ្ងៃទី៧ ខែកុម្ភៈ ជាថ្ងៃបើកការដ្ឋានសាងសង់ប្រាសាទនៅកណ្ដាលបឹងតាកែវ


ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានកំណត់យកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ខាងមុខនេះ ដើម្បីបើកការដ្ឋានសាងសង់ «ប្រាសាទកណ្ដាលបឹងតាកែវ» ដែលស្ថិតនៅក្នុងសង្កាត់ប្រការក្នុង ក្រុងដូនកែវ។

នៅក្នុងឱកាសចុះពិនិត្យ ទីតាំងសាងសង់ប្រាសាទ នៅព្រឹកថ្ងៃអង្គារ៍នេះ ឯកឧត្តម វ៉ី សំណាង បានផ្ដល់ការណែនាំមន្ត្រីបច្ចេកទេស និងក្រុមការងារសិក្សាគម្រោង ត្រូវធានាឱ្យបាននូវរាល់បទដ្ឋានបច្ចេកទេសសាងសង់ ជាពិសេសត្រូវថែរក្សាឱ្យបាននូវទម្រង់ «រចនាបថខ្មែរបុរាណ» ដើម្បីឱ្យសំណង់នេះ មានតម្លៃសិល្បៈស្ថាបត្យកម្មខ្មែរពិតៗ និងរឹងមាំយូរអង្វែង។

ឯកឧត្តមអភិបាលខេត្តតាកែវ បានបង្ហាញនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា ប្រាសាទកណ្ដាលបឹងតាកែវនេះ នឹងក្លាយជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីមួយ ក្នុងការជួយលើកសម្រស់ក្រុងដូនកែវ ឱ្យកាន់តែមានភាពទាក់ទាញ វាមិនត្រឹមតែជាកន្លែងគោរពសក្ការបូជាប៉ុណ្ណោះទេ ប៉ុន្តែវានឹងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកលេងកម្សាន្តកាន់តែច្រើន ដែលជាកម្លាំងជម្រុញសេដ្ឋកិច្ចមូលដ្ឋាន និងលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋក្នុងខេត្តឱ្យកាន់តែប្រសើរឡើង។

សូមបញ្ជាក់ថា គម្រោងសាងសង់ប្រាសាទកណ្ដាលបឹងតាកែវនេះ គឺជាគំនិតផ្ដួចផ្ដើមរបស់រដ្ឋបាលខេត្តតាកែវ ដោយទទួលបានការគាំទ្រ និងចូលរួមបរិច្ចាគថវិកា ពីសប្បុរសជននានាជិតឆ្ងាយ។ សំណង់នេះត្រូវ បានកសាងឡើងក្នុងគោលបំណងរំលឹកដល់ប្រវត្តិសាស្ត្រដ៏រុងរឿងនៃទឹកដីតាកែវ ក៏ដូចជាទុកជាមរតកវប្បធម៌ សម្រាប់មហាជនគោរពសក្ការបូជាតទៅអនាគត។

គម្រោងសាងសង់ប្រាសាទកណ្ដាលបឹងតាកែវនេះ សាងសង់អំពីបេតុងអាមេយ៉ាងរឹងមាំ ដោយមានការបិទ និងក្រាលលម្អដោយថ្មភក់ ប្រកបដោយភាពផ្ចិតផ្ចង់ ប្រាសាទមានរាងចតុកោណ ដែលមានបណ្តោយ ៦.៥៦ ម៉ែត្រ និងទទឹង៦ ម៉ែត្រ ចំណែកឯកម្ពស់សរុបឡើងដល់ ៩ ម៉ែត្របំពាក់ដោយដំបូលជ្រុងក្រឡូមតាមលក្ខណៈបុរាណ និងបញ្ចប់ដោយកំពូលប្រាសាទមានរូបរាងជា «ក្រពុំឈូក» ដែលជានិមិត្តរូបនៃភាពបរិសុទ្ធ និងភាពរីកចម្រើន៕