ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ នៅរសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខដោយផ្ទាល់ ជាមួយបងប្អូនក្រុមការងារសម្របសម្រួលជនភៀសសឹកជាង៣០០នាក់ ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្មនៅមណ្ឌលសុវត្ថិភាព «ឈក» ក្នុងស្រុកចុងកាល់ ដើម្បីជាការលើកទឹកចិត្ត ចំពោះបេសកកម្មដ៏សកម្មនាពេលកន្លងមក។
នៅក្នុងឱកាសនេះឯកឧត្តម មាន ចាន់យ៉ាដា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីលះបង់ និងការខិតខំប្រឹងប្រែងរបស់ក្រុមការងារទាំងអស់ ដែលបានក្រាញននាលនៅជាមួយបងប្អូនជនភៀសសឹក ដោយមិនខ្លាចនឿយហត់ និងមិនរាថយចំពោះការលំបាក។លោកថា៖ការលះបង់របស់បងប្អូនក្រុមការងារសម្របសម្រួល គឺជាសក្ខីភាពនៃទឹកចិត្តខ្មែរស្រឡាញ់ខ្មែរ និងជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋយើង។”
ឯកឧត្តមអភិបាលខេត្តឧត្តរមានជ័យ បានថ្លែងសង្កត់ធ្ងន់ថា៖«ក្រុមការងារសម្របសម្រួលគឺជាបង្អែករបស់ប្រជាពលរដ្ឋជនភៀសសឹក» នៅក្នុងស្ថានភាពដែលបងប្អូនប្រជាពលរដ្ឋចាកឆ្ងាយពីផ្ទះសម្បែង គឺមានតែក្រុមការងារសម្របសម្រួលនេះហើយ ដែលជាអ្នកជួយសម្រាលទុក្ខលំបាក ផ្ដល់ភាពកក់ក្ដៅ និងជួយរៀបចំសណ្ដាប់ធ្នាប់ឱ្យពួកគាត់មានសេចក្ដីសង្ឃឹមឡើងវិញ។
ក្នុងឱកាសនោះដែរឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ ក៏បានឧបត្ថមសម្ភារៈ និងថវិកាមួយចំនួន ដល់ក្រុមការងារសម្របសម្រួលជនភៀសសឹក«ឈក»ផងដែរ៕


















