សប្បុរសជនក្នុងខេត្ត និងតាមបណ្តាមន្ទីរអង្គភាព បន្តចូលរួមបរិច្ចាគថវិកា សម្រាប់គាំទ្រដល់ដំណើរការសាងសង់ អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់


ក្រោមការផ្តួចផ្តើម របស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ និងព្រះតេជគុណ ឥន្ទត្ថេរោ នៅ សុគន្ធថៃ ព្រះចៅអធិការវត្តហង្សាបីតិ (ហៅវត្តព្រែកស្តី) ព្រមទាំងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់, មូលនិធិសាងសង់អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ត្រូវបានសប្បុរសជន ក្នុងខេត្ត ក្រៅខេត្ត និងក្រៅប្រទេស បានបរិច្ចាគថវិកា ដែលកើតចេញពីកម្លាំងញើសឈាមជាបន្តបន្ទាប់ ក្នុងការចូលរួមជាកម្លាំងសាមគ្គី ដើម្បីឱ្យសមិទ្ធផលនេះ លេចចេញជារូបរាងឡើង ក្នុងការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង។

ជាក់ស្តែងនាថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានបន្តទទួលថវិកា ពីសប្បុរសជនក្នុងខេត្ត និងសប្បុរសជនតាមបណ្តាមន្ទីរអង្គភាពនានាជុំវិញខេត្ត ដើម្បីចូលរួមចំណែកសាងសង់ អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដែលបាននឹងកំពុងដំណើរការស្ថាបនាយ៉ាងមមាញឹក បានប្រមាណ២០%ហើយ។

ឯកឧត្តម ខូយ រីដា បានថ្លែងអំណរគុណ ដល់សប្បុរសជនក្នុងខេត្ត និងសប្បុរសជនតាមបណ្តាមន្ទីរអង្គភាពនានាជុំវិញខេត្ត ដែលបានចូលរួមជាកម្លាំងសាមគ្គី បរិច្ចាគថវិកាដែលកើតចេញពីកម្លាំងញើសឈាម ដើម្បីឧបត្ថម្ភគាំទ្រ និងបានប្រគល់ជូននាពេលនេះ គឺជាការចូលរួមចំណែកដ៏ធំធេង ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ឱ្យមានភាពងាយស្រួល ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ តាមរយៈការកាត់បន្ថយការធ្វើដំណើរ និងចំណាយផ្សេងៗ។

ជាការពិតណាស់ថា ការចូលរួមបរិច្ចាគធនធន របស់អស់លោក លោកស្រី គឺជាគម្រូដ៏ល្អមួយ និងមានតម្លៃក្នុងសង្គម សម្រាប់ការអភិវឌ្ឍន៍ខេត្ត ក៏ដូចជាវិស័យសុខាភិបាលក្នុងខេត្តរបស់យើងឱ្យកាត់តែមានលក្ខណៈទំនើប និងស្រស់បំព្រងឈានឡើង។ នេះគឺជាសណ្តានចិត្តដ៏ថ្លៃថ្លា និងជាមហាកម្លាំងសាមគ្គី ហើយក៏សង្ឃឹមថាសប្បុរសជននឹងបន្តចូលរួមបន្ថែមទៀត ដើម្បីឱ្យសមិទ្ធផលខាងលើនេះ អាចចេញជារូបរាងឡើង សម្រាប់ជាឧត្តមប្រយោជន៍ ដល់បងប្អូនប្រជាពលរដ្ឋ បានមកទទួលសេវា។

យើងទាំងអស់គ្នាបានដឹងហើយថា បញ្ហាព្រំដែនគឺជាកិច្ចការដ៏សំខាន់ និងស្មុគស្មាញបំផុតមួយ សម្រាប់ប្រទេសជាតិ ដែលទាមទារឱ្យមានការដោះស្រាយ ដោយផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ និងស្មារតីសន្តិភាព។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បាននឹងកំពុងអនុវត្តនូវយន្តការសំខាន់ៗមួយចំនួន ដើម្បីធានាបាននូវបូរណភាពទឹកដី និងស្ថិរភាពតាមព្រំដែន។ ជាមួយគ្នានោះ យើងត្រូវដឹងថា ការដោះស្រាយបញ្ហាព្រំដែនមិនមែនអាចធ្វើបានត្រឹមតែមួយថ្ងៃនោះទេ វាទាមទារភាពអត់ធ្មត់ ភាពវៃឆ្លាតផ្នែកការទូត និងការចូលរួមគាំទ្រពីប្រជាពលរដ្ឋគ្រប់រូប។

ឯកឧត្តមសូមប្រសិទ្ធិពរជ័យ បវរសួស្តី មហាប្រសើរគ្រប់ប្រការ ជូនចំពោះអស់លោក លោកស្រី ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូរណ៌ កម្លាំងមាំមួន និងទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សប្បុរសជន ដែលបានប្រគល់ថវិកាទាំងមុន-ក្រោយ និងទទួលប័ណ្ណថ្លែងអំណរគុណ នាថ្ងៃនេះរួមមាន៖ រដ្ឋបាលក្រុងពោធិ៍សាត់, មន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់, ការិយាល័យអប់រំ យុវជន និងកីឡាស្រុកក្រគរ, មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសប្បទាខេត្តពោធិ៍សាត់, មន្ទីរផែនការខេត្តពោធិ៍សាត់, មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់, បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់, ការិយាល័យស្រុកប្រតិបត្តិ និងមន្ទីរពេទ្យបង្អែកស្រុក, រដ្ឋបាលស្រុកភ្នំក្រវាញ, ការិយាល័យប្រជាពលរដ្ឋខេត្តពោធិ៍សាត់, សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់, លោកស្រី លឹម សុផាន់ណា ធីម សុធារ៉ា, លោក អាំង ហេងលី និងភរិយា ព្រមទាំងបុត្រ, លោកស្រី អាំង ណារឿង ព្រមទាំងកូនចៅ, លោកស្រី ឡូវ ប៊ុណ្ណា, លោក ប្រាក់ ស៊ីផាត, លោក ជា ឈៀងលី និងភរិយា ព្រមទាំងបុត្រ។

គួរជម្រាបជូនថា អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ មានបណ្តោយ៥៤ ម៉ែត្រxទទឹង២២ម៉ែត្រ កម្ពស់៥ជាន់ (គ្រោងតម្លើងកម្ពស់ដល់៨ជាន់) ត្រូវបានបើកការដ្ឋានសាងសង់ កាលពីល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅ។ បច្ចុប្បន្នអគារនេះ បាននឹងកំពុងសាងសង់យ៉ាងមមាញឹក បានប្រមាណ២០% ហើយក៏សង្ឃឹមថា សប្បុរសជននឹងបន្តឧបត្ថម្ភគាំទ្រ ដោយកម្លាំងសាមគ្គី ដើម្បីឱ្យសមិទ្ធផលនេះទទួលបានជោគជ័យ ក្នុងការផ្តល់សេវាសុខភាពកាន់តែប្រសើរឡើង ជូនប្រជាពលរដ្ឋ៕