សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតរំលែកមរណទុក្ខ ជូនអ្នកឧកញ៉ា ម៉ក់ គីមហុង ចំពោះមរណភាព ឧបាសិកា ស៊ន់ គា ដែលត្រូវជាម្ដាយក្មេក


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិតរំលែកមរណទុក្ខ ផ្ញើជូនអ្នកឧកញ៉ា ម៉ក់ គីមហុង និងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា ស៊ន់ គា ដែលត្រូវជាម្ដាយក្មេក កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ២៖៥៥ នាទីរសៀល ក្នុងជន្មាយុ៩២ឆ្នាំ ដោយជរាពាធ។

ក្នុងសារលិខិតរំលែកមរណទុក្ខ របស់សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា «ក្នុងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីក្ដុកក្ដួល និងសោកស្តាយឥតឧបមា ក្រោយពីបានទទួលដំណឹងដ៏ក្រៀមក្រំពីមរណភាព របស់ ឧបាសិកា ស៊ន់ គា ដែលត្រូវជាម្ដាយក្មេក និងម្តាយបង្កើត ជាទីគោរពស្រឡាញ់ របស់ អ្នកឧកញ៉ា និង លោកជំទាវ នាថ្ងៃចន្ទ ២រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ២៖៥៥ នាទីរសៀល ក្នុងជន្មាយុ៩២ឆ្នាំ ដោយជរាពាធ។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងសហការី សូមចូលរួមរំលែកទុក្ខ និង ការស្តាយស្រណោះ អាឡោះអាល័យស្ទើររកទីបំផុតគ្មាន ជាមួយ អ្នកឧកញ៉ា និង លោកជំទាវ ព្រមទាំង ក្រុមគ្រួសារ ចំពោះការបាត់បង់នូវម្តាយក្មេក ម្តាយបង្កើត ដីជូន ជីទូតជាទីគោរពស្រលាញ់បំផុតដែលមិនអាចកាត់ថ្លៃបាន ប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌គម្រូមួយរូប ដែលតែងតែងខិតខំចិញ្ចឹម បីបាច់ថែរក្សា អប់រំទូន្មានបុត្រជីតា និងចៅៗ រហូតក្លាយជាកុលបុត្រ កុលធីតាដ៏ឆ្នើមរបស់សង្គមជាតិ។

ពិសេសជាងនេះទៅទៀត មរណភាព ឧបាសិកា ស៊ន់ គា គឺជាការបាត់បង់នូវពុទ្ធសាសនិកមួយរូប ដែលមានសទ្ធាជ្រះថ្លាក្រៃលែង ដែលបានបូជាអស់កម្លាំងកាយចិត្ត ពេលវេលា និងថវិកា ចូលរួមចំណែកក្នុង ការងារមនុស្សធម៌ និងទ្រទ្រង់លើកស្ទួយវិស័យព្រះពុទ្ធសាសនា នៅប្រទេសកម្ពុជា។

ខ្ញុំ និងសហការី សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តេជះបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមតាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធរបស់ ឧបាសិកា ស៊ន់ គា សូមបានទៅបដិសន្ធិ និងសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»៕