រដ្ឋបាលខេត្តកណ្តាល ប្រារព្វខួបអនុស្សាវរីយ៍លើកទី៦៤ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ឆ្នាំ២០១៧


ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា នេះ រដ្ឋបាលខេត្ត បានប្រារព្វខួបអនុស្សាវរីយ៍លើកទី៦៤ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្ត នៅក្នុងបរិវេណសាលាខេត្ត។ សមាសភាពអញ្ជើញចូលរួមមាន៖ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ,អភិបាលខេត្តរង, មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ សរុប : ៦០០នាក់។

កិច្ចប្រារព្វពិធីនេះ គឺក្នុងគោលបំណងដើម្បីរំលឹកឡើងវិញ ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវតែចងចាំ និងចារិកជាប់ជានិច្ចនៅក្នុងជីវិត នូវព្រះមហាករុណាទីគុណ ប្រកបដោយព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅ របស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានបូជាព្រះកាយពល និងព្រះរាជបញ្ញាញាណដ៏ឈ្លាសវៃ ដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី សេចក្តីសុខសាន្ត និងការអភិវឌ្ឍន៍។