ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន នៅព្រឹកថ្ងៃទី១២ វិច្ឆិកានេះ បានសម្តែងការគាំទ្រ ចំពោះការសន្និដ្ឋានរបស់ ទ្រង់ធម្មិកោ មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង បាននិយាយថា បើគណបក្សប្រឆាំង ត្រូវបានរំលាយដោយតុលាការកំពូលនោះ លោកគ្មានសង្ឃឹមថា កឹម សុខា បានចេញពីគុកទេ ហើយ ទណ្ឌិត សម រង្សី ក៏គ្មានវាសនា បានចូលស្រុកខ្មែរដែរ ។
ឯកឧត្តម សុខ ឥសាន បានបញ្ជាក់ថា ទ្រង់ធម្មិកោ បាននិយាយទាំងអស់សង្ឃឹម មិនដូចមានសង្ឃឹមកាល ពីពេលកន្លងទៅទេថា បក្សប្រឆាំងនឹងត្រូវរំលាយ ដោយតុលាការកំពូល តាមកំហុសធ្ងន់ធ្ងររបស់ខ្លួន ដែលបានដាក់ខ្លួនធ្វើជាអាយ៉ងបរទេស ហើយអនុវត្តផែនការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមយុទ្ធសាស្ត្របដិវត្តន៏ព៌ណ ចង្អុលបង្ហាញដោយចៅហ្វាយនាយបរទេស ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ទៀតថា “កំហុសនេះ ត្រូវប្រឈមនឹងមាត្រា ៤៤៣ នៃក្រមព្រហ្មទ័ណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ពីបទសន្និដ្ឋិភាព ជាមួយបរទេសបង្ករអំពើ ប្រទូសរាយចំពោះប្រទេសជាតិ ដែលជាទោសក្បត់ជាតិ មានស្ថានទម្ងន់ជាប់គុកពី ១៥ – ៣០ ឆ្នាំ ។ បញ្ហាពាក់ព័ន្ធនឹង កឹម សុខា និងទណ្ឌិត សម រង្សី កើតឡើងពីលទ្ធផលធ្វើនយោបាយមិនសុចរិត និងបានប្រព្រឹត្ត ល្មើសសច្បាប់ដោយខ្លួនឯង គ្មានអ្នកណាគាបសង្កត់ គំរាមកំហែង និង ធ្វើទុក្ខបុកម្នេញទេ គឺខ្លួនឯងធ្វើទុក្ខបុកម្នេញខ្លួនឯង ។
ដូច្នេះ ការសន្និដ្ឋានរបស់ទ្រង់ធម្មិកោ និងការព្រួយបារម្ភរបស់ទ្រង់ គឺពិតជាត្រឹមត្រូវណាស់ សូមគាំទ្រ” ៕