តំណាងឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន អញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវ ១ខ្សែ ប្រវែងជិត ៧គីឡូម៉ែត្រ និងស្ពានបេតុងប្រវែង ៣០ម៉ែត្រ នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ


ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញបើកការដ្ឋានការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន១ខ្សែ ប្រវែង ៦ ៦៥០ម៉ែត្រ ទទឹង ៨ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ ស្ថាបនាស្ពានបេតុង ១កន្លែង ប្រវែង ៣០ម៉ែត្រ ទទឹង ៨ម៉ែត្រ សាងសង់លូប្រអប់មុខមួយ ចំនួន ១កន្លែង និង លូមូលមុខមួយចំនួន ៧កន្លែង ស្ថិតនៅភូមិពពេល ភូមិថ្កូវ ភូមិអូរជីក និងភូមិច្រោក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឈឹម សៅគី បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវ និងពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត និងសព្ទសាធុការពរពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានថ្លែងថា ផ្លូវក្រាលដីល្បាយក្រួសចំនួន១ខ្សែ ប្រវែង ៦ ៦៥០ម៉ែត្រ ទទឹង ៨ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ ស្ថាបនាស្ពានបេតុងចំនួន ១កន្លែង ប្រវែង ៣០ម៉ែត្រ ទទឹង ៨ម៉ែត្រ សាងសង់លូប្រអប់មុខមួយ ចំនួន ១កន្លែង និងលូមូលមុខមួយ ចំនួន ៧កន្លែង ស្ថិតនៅភូមិពពេល ភូមិថ្កូវ ភូមិអូរជីក និងភូមិច្រោក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលបើកការដ្ឋានស្ថាបនានាពេលនេះនឹងជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងការទទួលសេវាសាធារណៈនានា ព្រមទាំងបង្កើនការតភ្ជាប់រវាងភូមិ ទៅភូមិ និងឃុំ ទៅឃុំ និងអាចប្រើប្រាស់បានគ្រប់រដូវកាល ដោយចំណេញបានទាំងពេលវេលា និងថវិកា ជាពិសេសដើម្បីជួយលើកម្ពស់ការផ្ដល់សេវាទេសចរណ៍ក្នុងតំបន់។

ឯកឧត្តម ឈឹម សៅគី បានបន្ថែមថា ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានចាប់ផ្ដើមស្ថាបនាផ្លូវក្រាលបេតុង ផ្លូវក្រាលកៅស៊ូ ផ្លូវលំ ព្រមទាំងកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាច្រើន នៅតាមបណ្តាខេត្ត និងស្រុក ដែលតភ្ជាប់ពីផ្លូវជាតិ ទៅផ្លូវខេត្ត ដើម្បីជួយលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងជាចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានបន្តថា ពិធីបើកការដ្ឋាននាពេលនេះ អាចប្រព្រឹត្តទៅបានគឺដោយសារគុណបំណាច់នៃ «សុខសន្តិភាព» ដែលកើតចេញពីការលះបង់ដ៏ធំធេង និងការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជាតិ និងប្រជាជន ដោយយកជីវិតធ្វើជាដើមទុនរបស់ សម្តេចតេជោ ហ៊ុន សែន ជាបិតាសន្តិភាព ស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព និងឯកភាពជាតិពេញលេញទូទាំងប្រទេស និងក្រោមការបន្តវេនដឹកនាំប្រកបដោយភាពឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត និងប៉ិនប្រសប់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត។

ទន្ទឹមនឹងនេះដែរ ឯកឧត្តម ឈឹម សៅគី ក៏បានជម្រាបជូនប្រជាពលរដ្ឋថា ដើម្បីរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណ​ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញនូវគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ ដោយបានកំណត់ចក្ខុវិស័យ «កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន និងចីរភាព ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌» ដែលមានគោលដៅចម្បងចំនួន៥ គឺទី១៖ ប្រជាជនមានជីវភាពរស់នៅសមរម្យ, ទី២៖ ប្រជាជនមានសុខភាពមាំមួន, ទី៣៖ ប្រជាជនរស់នៅក្នុងភាពថ្លៃថ្នូរ, ទី៤៖ គ្រប់ភូមិឋានទាំងអស់នៅតំបន់ជនបទមានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងប្រកបដោយភាពធន់ និង៥៖ គ្រប់ភូមិឋានទាំងអស់នៅជនបទមានអភិបាលកិច្ចល្អ ព្រមទាំងបានកំណត់យុទ្ធសាស្រ្តគន្លឺះចំនួន ៥គឺ យុទ្ធសាស្រ្តទី (១) ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់, យុទ្ធសាស្ត្រទី(២) ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់ប្រជាជននៅតំបន់ជនបទ, យុទ្ធសាស្ត្រទី (៣) ការអភិវឌ្ឍសហគមន៍ជនបទ និងចលនាភូមិគំរូ, យុទ្ធសាស្ត្រទី(៤) ពិពិធកម្មសេដ្ឋកិច្ចជនបទ និងនវានុវត្តន៍ការងារ និងយុទ្ធសាស្ត្រទី (៥) ការពង្រឹងស្ថាប័ន។

ឯកឧត្តម ឈឹម សៅគី បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ចែកជូនដល់មេឃុំ, ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋរស់នៅសងខាងផ្លូវ ដែលបានចូលរួមដោយម្នាក់ៗទទួលបានក្រម៉ាមួយ និងថវិកាមួយចំនួន និងបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន មេត្តាយោគយល់ និងអធ្យាស្រ័យដល់ក្រុមការងារស្ថាបនាផ្លូវ និងស្ពាន ក្នុងករណីមានការប៉ះពាល់ដោយប្រការណាមួយក្នុងអំឡុងពេលសាងសង់ផ្លូវក្រាលដីល្បាយក្រួសមួយខ្សែ និងស្ពាន ១កន្លែង ខាងលើនេះផងដែរ៕