ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានសំណូមពរ «អង្គការអាដ្រា» សូមបន្តកិច្ចសហការឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ជាមួយមន្ទីរពាក់ព័ន្ធ និងរដ្ឋបាលក្រុង-ស្រុក ដើម្បីពង្រីកវិសាលភាពនៃគម្រោងឱ្យទៅដល់ តំបន់ដាច់ស្រយាល ដែលងាយរងគ្រោះនៅទូទាំងខេត្ត។
ការសំណូមររបស់ឯកឧត្តមអភិបាលខេត្តព្រះវិហារ បានធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តមអនុញ្ញាតឱ្យលោក ផន យឿម ប្រធានគម្រោង «អង្គការអាដ្រា» ប្រចាំខេត្តព្រះវិហារ និងក្រុមការងារ ចូលជួបសម្តែងការគួរសម និងបង្ហាញអំពីសកម្មភាពគម្រោង «កាន់តែរឹងមាំ» STRONGER របស់អង្គការអាដ្រាកម្ពុជា នៅសាលប្រជុំសាលាខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦។
នាឱកាសនោះដែរ ឯកឧត្តម គីម រិទ្ធី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការអាដ្រាកម្ពុជា (ADRA) ដែលតែងតែផ្តល់កិច្ចសហការយ៉ាងស្អិតរមួតជាមួយរដ្ឋបាលខេត្តព្រះវិហារ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សហគមន៍ និងដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ជាពិសេសតាមរយៈគម្រោង «កាន់តែរឹងមាំ» នេះ ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការលើកកម្ពស់តម្លៃស្ត្រី និងកុមារនៅក្នុងខេត្ត។
ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា គម្រោង «កាន់តែរឹងមាំ» មានគោលដៅស្វែងរកការលើកម្ពស់សមភាពនៃការទទួលបាននូវភាពរីករាយ ចំពោះសិទ្ធិក្មេងស្រីនិងស្ត្រី ដើម្បីរួចផុតពីអំពើហិង្សាផ្អែកលើយេនឌ័រ រួមទាំងកុមារដែលរៀបការមុនអាយុ និងដោយបង្ខំនៅក្នុងកម្ពុជា៕
















