ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញបើកវេទិកាតុមូល ផ្សព្វផ្សាយលើកកម្ពស់ការ យល់ដឹងពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្រោមមូលបទ «ចូលរួមទាំងអស់គ្នា ដើម្បីជនភៀសសឹក និងសហគមន៍មានសុវត្ថិភាព»។ ពិធីនេះបានធ្វើឡើងនៅវត្តចន្ទស៊ី សាមគ្គីរតនារាម ស្ថិតនៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ថា ក្នុងសង្គ្រាមដែលយោធាថៃ បេីកការឈ្លានពានជាលេីកទី២ រំលោភដែនអធិបតេយ្យភាពកម្ពុជា យោធាថៃ បានប្រេីប្រាស់អាវុធធុនធ្ងន់ បាញ់ផ្លោងបំផ្លាញវត្តអារាមមួយចំនួន ផ្ទះសម្បែង ជាច្រើនខ្នងរបស់ប្រជាពលរដ្ឋ ត្រូវបានបំផ្លាញព្រមទាំងបានបន្សល់ទុកនូវគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើន បាននិងកំពុងស្ថិតនៅរាយប៉ាយពាសពេញភូមិឋាន ទីអារាមសាសនា និងទីកន្លែងសាធារណៈនានា ដែលបង្កជាហានិភ័យដល់ជីវិតមនុស្ស និងសត្វនៅឡើយ។
ឯកឧត្តម អ៊ុំ រាត្រី បានថ្លែងអំណរគុណចំពោះការចូលរួមទាំងប្រាជ្ញា ស្មារតី និងកម្លាំងកាយចិត្ត របស់មន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្តកាកបាទក្រហម អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់នាពេលកន្លងមក និងអំពាវនាវឱ្យការចូលរួម ខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីកាកបាទក្រហមកម្ពុជា កាន់តែមានសក្តានុពលពេញលេញ ក្នុងបេសកកម្មជួយដល់អ្នករងគ្រោះ និងអ្នកងាយរងគ្រោះកាន់តែប្រសើរឡើងថែមទៀត ជាពិសេសជំរុញដល់ក្មួយៗ សិស្សានុសិស្សត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន។
សូមបញ្ជាក់ថា ទិវាជាតិយល់ដឹងអំពីមីន ថ្ងៃទី២៤ ខែកុម្ភៈ គឺជាទិវាប្រចាំឆ្នាំដែលកម្ពុជាប្រារព្ធឡើង ដើម្បីផ្សព្វផ្សាយ និងអប់រំអំពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ក្នុងនាមជាជំនួយការឱ្យអាជ្ញាធរសាធារណៈ បានរួមចំណែកយ៉ាងសកម្មបំផុតជាមួយ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចបានគោលដៅ «ឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម»៕
























