ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ដ្រីស្ដីទីនៃកម្ពុជា និងជាតំណាងសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តនជនកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តាមវិស័យចំនួន៣២ក្រសួង ស្ថាប័ន នៅវិមានសន្តិភាព។ ក្នុងនោះក៏មានការចូលរួមពី អគ្គលេខាធិការ អគ្គលេខាធិការរង សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំទាំង៣២ក្រសួង ស្ថាប័នផងដែរ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងាររបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលបានបង្ហាញដោយ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ដ្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគម ព្រមទាំងអបអរសាទរចំពោះការតែងតាំង សមាគមអតីតយុទ្ធជន និងនិវត្តជនតាមបណ្ដាក្រសួង ស្ថាប័ន។
ឯកឧត្តមសន្ដិបណ្ឌិត នាយករដ្ឋមន្ដ្រីស្ដីទី ក៏បានរំលឹកឡើងវិញនូវគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងមហាសន្និបាតវិសាមញ្ញ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥កន្លងទៅ ដោយបានសម្រេចប្ដូរពីសមាគមអតីតយុទ្ធជនកម្ពុជា ទៅជាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដើម្បីពង្រីកវិសាលភាពកាន់តែទូលំទូលាយ ក្នុងនោះរួមបញ្ចូលទាំងអតីតមន្ដ្រីរាជការចូលនិវត្ត ជាមួយអតីតយុទ្ធជន និងបង្ហាញអំពីការលើកកម្ពស់គុណតម្លៃ កិត្តិយស គុណបំណាច់ អតីតយុទ្ធជន និងនិវត្តជន។
ជាមួយគ្នានេះ ឯកឧត្តមក៏បានរំលេចអំពីគុណបំណាច់ នៃអតីតយុទ្ធជន និងនិវត្តជន ព្រោះបើគ្មានការលះបង់របស់អតីតយុទ្ធជនទេនោះ ក៏គ្មានវត្តមានអ្នកទាំងអស់គ្នាអង្គុយនៅទីនេះដែរ។ ជាក់ស្ដែងអ្វីដែលបានកើតឡើង កាលពីមុនយុវជនបានត្រឹមតែលឺអំពីគុណបំណាច់របស់អតីតយុទ្ធជន ប៉ុន្ដែពេលនេះបានឃើញផ្ទាល់ភ្នែកចំពោះការលះបង់នេះ នៅពេលដែលកម្ពុជារងនូវការឈ្លានពានពីប្រទេសថៃ។
សម្រាប់និវត្តជនវិញ ក៏មិនខុសពីអតីតយុទ្ធជននោះដែរ ពោលបានចូលរួមចំណែកបន្សល់នូវសមិទ្ធផលសម្រាប់សង្គមជាតិជាច្រើន និងរួមចំណែកកសាងសង្គមជាតិ ហេតុដូច្នេះហើយសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់កិត្តិយស ជីវភាព និងផ្ដល់ឱកាស។ នេះបើតាមអ្វីដែលឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន បានគូសបញ្ជាក់បន្ថែម។
ក្នុងនាមសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន បានផ្ដល់អនុសាសន៍ណែនាំដល់ប្រធាន អនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មាធិការអតីតយុទ្ធជន និងនិវត្តជន ដែលទទួលបានការណែនាំតែងតាំងថ្មី ត្រូវយកចិត្តទុកដាក់លើការងារសំខាន់ៗ មួយចំនួន៖
*១៖ សូមធ្វើការផ្សព្វផ្សាយតាមគណៈកម្មកាធិការ ក្រសួង ស្ថាប័នខ្លួនអំពីលក្ខន្ដិកៈរបស់សមាគមដល់មន្ដ្រីតាមក្រសួង ស្ថាប័នរៀងៗខ្លួន, ផ្សព្វផ្សាយខ្លឹមសារអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន និងការរៀបចំ ការប្រព្រឹត្តទៅតួនាទី ភារកិច្ចរបស់គណៈកម្មាធិការក្នុងវិស័ហរបស់ខ្លួន
*២៖ ចាត់តាំងក្រុមការងាររៀបចំទិន្នន័យ អតីតយុទ្ធជន និងនិវត្តជនឲ្យបានច្បាស់លាស់ ដោយបញ្ចូលក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យ ដើម្បីក្ដាប់ឲ្យបាននូវចំនួនជាក់លាក់
*៣៖ ព្យាយាមកៀរគរមូលនិធិទ្រទ្រង់ ជួយឧបត្ថម្ភគាំទ្រថវិកា និងសម្ភារៈ
*៤៖ បំផុសស្មារតី ផ្ដល់កិត្តិយស និងឱកាសដល់អតីតនិវត្តជនតាមក្រសួង ស្ថាប័ន
*៥៖ រៀបចំរបបប្រជុំទៀងទាត់ និងសហការជាប្រចាំជាមួយអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា៕






































