ឯកឧត្តម ចាន់ ស៊ីណាត បន្តដឹកនាំគណៈប្រតិភូ ADB ចុះពិនិត្យវឌ្ឍនភាពគម្រោងកែលម្អវិស័យធារាសាស្ត្រកសិកម្ម (IAIP) កំពីងពួយ ក្នុងខេត្តបាត់ដំបង


នាថ្ងៃព្រហស្បតិ៍ ៣កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបន្តដឹកនាំគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចុះពិនិត្យវឌ្ឍនភាពការងារនៃគម្រោងកែលម្អវិស័យធារាសាស្ត្រកសិកម្ម (IAIP) កំពីងពួយ ស្ថិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។

ក្នុងឱកាសចុះពិនិត្យផ្ទាល់ដល់ទីតាំងគម្រោង ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ពីសារៈសំខាន់នៃការធ្វើទំនើបកម្មវិស្វកម្មធារាសាស្ត្រគ្រប់ជ្រុងជ្រោយនេះ ដែលជាសមិទ្ធផលក្រោមហិរញ្ញប្បទានសហប្រតិបត្តិការពីដៃគូអភិវឌ្ឍន៍ ADB ក្នុងគោលដៅពង្រឹងសន្តិសុខទឹកសម្រាប់បម្រើឱ្យការបង្កបង្កើនផលជូនប្រជាកសិករ។

ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា ប្រព័ន្ធធារាសាស្ត្រទំនើបកម្មនេះ នឹងផ្តល់លទ្ធភាពខ្ពស់ក្នុងការផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រពដំណាំស្រូវ និងដំណាំរួមផ្សំ ដែលបងប្អូនប្រជាកសិករអាចដាំដុះបានច្រើនដងក្នុងមួយឆ្នាំ។ ក្រៅពីការបម្រើឱ្យវិស័យកសិកម្ម ក្រសួងធនធានទឹក និងឧតុនិយម ក៏បានយកចិត្តទុកដាក់ខ្ពស់លើការជំរុញវិស័យទេសចរណ៍ និងវិស័យឧស្សាហកម្មផងដែរ។

សូមជម្រាបថា គម្រោង IAIP កំពីងពួយ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ក្នុងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្ត្រនៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព សំដៅធានាឱ្យបាននូវការគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាពខ្ពស់សម្រាប់ពេលបច្ចុប្បន្ន និងទៅអនាគត៕