ឯកឧត្តម សុខ ឥសាន ៖ការប្រកាសវិលចូលជា សមាជិក បក្សសង្រ្គោះជាតិវិញរបស់ទណ្ឌិត សម រង្ស៊ី គ្មានប្រសិទ្ធភាព


 

ភ្នំពេញ៖ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា (CPP) ឯកឧត្តម សុខ ឥសាន បានថ្លែងថា ការប្រកាសវិលចូលជាសមាជិកគណបក្សសង្រ្គោះជាតិវិញ របស់ទណ្ឌិត សម រង្ស៊ី អតីតប្រធានគណបក្ស សង្គ្រោះជាតិ (CNRP) មិនមានប្រសិទ្ធភាព សោះឡើយ ព្រោះធ្វើជាសមាជិករបស់គណបក្សខ្មោច ។

ឯកឧត្តម សុខ ឥសាន បានសរសេរនៅក្នុងតេឡេក្រោម នៅថ្ងៃទី១៣ វិច្ឆិកា ថា “ទណ្ឌិត សម រង្ស៊ី ជាមនុស្សមាននយោបាយក្រឡិចក្រឡុចយ៉ាងពិតប្រាកដ ហើយការប្រកាស របស់ទណ្ឌិតសម រង្ស៊ី ជាឯកត្តោភាគីខ្លួនឯង នឹងមិនមានប្រសិទ្ធភាពសោះឡើយ  ព្រោះធ្វើជាសមាជិក របស់គណបក្ស ខ្មោច”។

ឯកឧត្តមបន្ដថា តើការប្រកាសរបស់ ទណ្ឌិតសម រង្ស៊ី មានន័យយ៉ាងណា បើគណបក្សប្រឆាំងត្រូវបានរំលាយរួចហើយ តើ ទណ្ឌិតសម រង្ស៊ី ចូលទៅ ធ្វើជាសមាជិកគណបក្សណា គឺជាសមាជិកគណបក្ស ដែលបានរលាយរួចហើយនោះ?

ឯកឧត្តមបន្ថែមថា ទណ្ឌិត សម រង្ស៊ី បាននិយាយថា ខ្លួនបានលាលែងពី គណបក្សប្រឆាំង ដើម្បីកុំឲ្យមានការរំលាយគណបក្សប្រឆាំង ឥឡូវ ថ្ងៃទី ១៦ វិច្ឆិកា នេះ គណបក្សប្រឆាំងត្រូវរំលាយ  ដូច្នេះ ខ្លួនត្រូវចូលមកជាសមាជិកគណបក្សប្រឆាំងវិញ ។