នៅសៀលថ្ងៃទី១៣វិច្ឆិកា ឆ្នាំ២០១៧ម្សិលមិញនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៥ ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទំនាក់ទំនងសន្ទនា អាស៊ាន សហរដ្ឋអាមេរិក នៅមជ្ឈមណ្ឌលសន្និសីទវប្បធម៌ម៉ានីល ទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន។ មេដឹកនាំនៃប្រទេសអាស៊ានទាំង១០ រួមទាំងឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានយាងនិងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលដ៏មានសារសំខាន់នេះ។ មេដឹកនាំនៃប្រទេសអាស៊ាន និងសហរដ្ឋអាមេរិក បានចូលរួមអបអរសាទរយ៉ាងកក់ក្តៅបំផុត ចំពោះខួបអនុស្សាវរីយ៍៤០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន សហរដ្ឋអាមេរិក ពិសេសបានគាំទ្រការអនុម័តសេចក្តីប្រកាសរួម នៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន សហរដ្ឋអាមេរិក។ នៅក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំអាស៊ានបានលើកទឹកចិត្តដល់សហរដ្ឋអាមេរិក បន្តពង្រឹងភាពជាអ្នកដឹកនាំវ័យក្មេង និងការកសាងសមត្ថភាពយុវជន និងស្រ្តី តាមរយៈការផ្តល់នូវអាហារូបករណ៍បន្ថែមដល់សិស្ស និងនិស្សិតបណ្តាប្រទេសអាស៊ាន និងស្វាគមន៍ ចំពោះការបញ្ជាក់ពីការប្ដេជ្ញាចិត្ត របស់សហរដ្ឋអាមេរិក ដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន សហរដ្ឋអាមេរិក និងការគាំទ្ររបស់សហរដ្ឋអាមេរិក ដល់ការកសាងសហគមន៍អាស៊ាន ជាពិសេសការគាំទ្រចំពោះតួនាទីស្នូលរបស់អាស៊ាន នៅក្នុងនិម្មាបនកម្មតំបន់។
នៅក្នុងកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ាន បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម ស្តីពីការតភ្ជាប់អាស៊ាន សហរដ្ឋអាមេរិក ដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច តាមរយៈការជំរុញពាណិជ្ជកម្ម ការវិនិយោគ និងសហគ្រាសធុនតូចនិងមធ្យម ដើម្បីបង្កើនទំហំសេដ្ឋកិច្ច និងបង្កើនឱកាសការងារសម្រាប់ប្រជាជន នៃតំបន់ទាំងពីរ ជាពិសេសគឺការបង្កើតមជ្ឈមណ្ឌល តភ្ជាប់អាមេរិក អាស៊ាន នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី និងការដាក់ឲ្យដំណើរការនូវក្របខណ្ឌតភ្ជាប់ អាមេរិក អាស៊ាន តាំងពីខែកញ្ញា ឆ្នាំ២០១៦។
ជាមួយគ្នានេះ ឯកឧត្តមប្រធានាធិបតីអាមេរិក ស្នើ ឲ្យអាស៊ានបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពោលគឺកាលពីឆ្នាំ២០១៦កន្លងទៅទំហំសេដ្ឋកិច្ចអាស៊ាន អាមេរិកជាង ២១១ពាន់លានដុល្លាអាមេរិក ហើយ ឯកឧត្តម គឺនៅតែគាំទ្រនូវតួនាទីស្នូលរបស់អាស៊ាន។ មេដឹកនាំអាស៊ាន អាមេរិក បានប្តេជ្ញាខ្ពស់លើការអនុវត្តផែនការសកម្មភាព ទាំងពេលបច្ចុប្បន្នទៅអនាគត លើយន្តការដែលមានស្រាប់និងលើគ្រប់វេទិកាទាំងអស់ ព្រមទាំងបានឈានទៅដល់ការអនុម័តលើសេចក្តីថ្លែងការណ៍ នៃការប្រារព្វខួបលើក ទី៤០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន អាមេរិក និងទិសដៅទៅអនាគត៕