គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រៀបចំសិក្ខាសិលាផ្សព្វផ្សាយ របាយការណ៍ជាតិស្តីពី ការអនុវត្តអនុសញ្ញាអន្តរជាតិ ស្តីពីការលុបបំបាត់រាល់ទម្រង់ នៃការរើសអើងពូជសាសន៍ (ICERD)នៅខេត្តរតនគិរី។
សិក្ខាសាលានេះ ត្រូវបានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សហការជាមួយរដ្ឋបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងមានការចូលរួមពីសំណាក់ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ព្រមទាំងថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ អយ្យការ ពន្ធនាគារ មន្ត្រីរាជការ អង្គការសង្គមស៊ីវិល ស្ថាប័នពាក់ព័ន្ធ និងជាពិសេស អ្នកនាំពាក្យតាមអង្គភាពនីមួយៗ នៃរដ្ឋបាលខេត្តរតនគិរី។
ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានសម្ដែងនូវក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកកែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលបានរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះនៅខេត្តរតនគិរី។ លោកអភិបាលខេត្ត បានចាត់ទុកសិក្ខាសាលានេះ មិនត្រឹមតែជាវេទិកាដ៏មានតម្លៃសម្រាប់ការចែករំលែកចំណេះដឹង និងបទពិសោធន៍ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឱកាសដ៏សំខាន់ សម្រាប់ការពិភាក្សា និងស្វែងរកដំណោះស្រាយរួមគ្នា ដើម្បីលុបបំបាត់រាល់ទម្រង់ នៃការរើសអើងពូជ សាសន៍នៅកម្ពុជាផងដែរ។
ឯកឧត្តម ញ៉ែម សំអឿន ក៏បានលើកឡើងពីការអភិវឌ្ឍរីកចម្រើនរបស់ខេត្ត ក៏ដូចជាកម្ពុជាទាំងមូល ពិតជាមិនអាចកាត់ផ្តាច់ចេញពីសន្តិភាព ដែលរកបានដោយកម្រនោះឡើយ ដោយការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យ រួមទាំងសិទ្ធិមនុស្សផង។ ទន្ទឹមនេះ រដ្ឋបាលខេត្តបានខិតខំបំពេញ តួនាទីរបស់ខ្លួនយ៉ាងសកម្ម ដើម្បីថែរក្សាសន្តិភាព សន្តិសុខ សុវត្ថិភាព និងការអភិវឌ្ឍនានា ជូនដល់ប្រជាពលរដ្ឋនៅទូទាំងខេត្ត ដើម្បីជាការចូលរួមការពារ និងលើកកម្ពស់សិទ្ធិសេរីភាព របស់មនុស្ស ដោយមានការចូលរួម ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងការលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋ តាមរយៈការបង្កើតការងារ ជូនប្រជាពលរដ្ឋ ការយកចិត្តទុកដាក់ ចំពោះសុខទុក្ខប្រជាពលរដ្ឋ ព្រមទាំងលើកទឹកចិត្ត ឲ្យមានការចូលរួមបន្ថែមទៀតដល់ប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីឲ្យពួកគាត់ប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួនស្របតាមច្បាប់ជាធរមាន។
ក្នុងឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្ដ្រី កែវ រ៉េមី បានថ្លែងថា សិក្ខាសាលានាឱកាសនេះ ត្រូវបានរៀបចំឡើង ក្រោមកិច្ចសហការរវាងគណ:កម្មាធិការសិទ្ធមនុស្សកម្ពុជា ជាមួយរដ្ឋបាលខេត្តរតនគិរី ដែលជាវេទិកាដ៏សំខាន់មួយធ្វើឡើង ក្នុងគោលបំណងសំខាន់ចំនួន៤ រួមមាន៖
*ទី១៖ បង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាលក្នុងការការពារ និងលើក កម្ពស់សិទ្ធមនុស្សនៅកម្ពុជា
*ទី២៖ បង្ហាញនូវការអនុវត្តយ៉ាងទៀតទាត់ចំពោះកាតព្វកិច្ច អន្ដរ ជាតិ របស់រាជរដ្ឋាភិបាល ក្នុងនាមជារដ្ឋសមាជិករបស់អង្គការសហប្រជាជាតិ
*ទី៣៖ បញ្ជ្រាបការយល់ដឹងឱ្យកាន់តែច្បាស់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលលើវិស័យសិទ្ធិមនុស្ស
*ទី៤៖ ជំរុញការចូលរួមរាល់អង្គភាពនានា នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តនូវ សេចក្ដីសង្កេតសន្និដ្ឋាន នៃរបាយការណ៍ជាតិ ស្ដីពីការអនុវត្តអនុសញ្ញាអន្តរជាតិ ស្ដីពីការលុបបំ បាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ (ICERD)។
បន្ថែមពីនេះ សិក្ខាសាលានេះ ក៏ជាឱកាសដ៏ល្អមួយសម្រាប់អ្នកចូលរួមទាំងអស់បាន លើកឡើងជាសំណួរ និងផ្លាស់ប្តូរយោបល់ និងពិភាក្សាលើបញ្ហាប្រឈម និងដំណោះស្រាយ នានាពាក់ព័ន្ធ នឹងការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍នៅកម្ពុជា និងជាវេទិកា ផ្ដល់នូវចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃដល់អ្នកចូលរួមទាំងអស់ ដើម្បីរួមគ្នាលើកកម្ពស់សិទ្ធិមនុស្ស និងភាពសុខដុមរមនាក្នុងសង្គម៕




















