ប្រកាសសមាសភាព គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនក្រុង-ស្រុក ក្នុងខេត្តបាត់ដំបង


ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជន ខេត្តបាត់ដំបង (អ.ន.ក.ខេត្ត) និងឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានកិត្តិយស អ.ន.ក.ខេត្ត នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនក្រុង ស្រុកនៃខេត្តបាត់ដំបង។ ពិធីនេះ ធ្វើឡើងនៅសាលប្រជុំ សាលាខេត្តបាត់ដំបង។

ថ្លែងក្នុងឱកាសនោះឯកឧត្តម សុខ លូ ក្នុងនាមគណៈកម្មាធិការ អ.ន.ក.ខេត្ត បានសម្ដែងនូវការគោរពដឹងគុណប្រកបដោយក្ដីស្មោះស្ម័គ្រ ចំពោះសម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ប្រធានព្រឹទ្ធសភា ប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលបានផ្ដល់នូវ ជំនឿទុកចិត្តទទួលស្គាល់លោក លោកស្រីជាប្រធានគណៈកម្មាធិការ អ.ន.ក ក្រុង ស្រុក នៃខេត្តបាត់ដំបង នាពេលនេះ ដើម្បីបានចូលរួមចំណែកបំពេញបេសកកម្មរបស់អ.ន.ក ក្នុងបុព្វហេតុលើកស្ទួយជីវភាព បង្កើតស្មារតីសាមគ្គីភាព ភាតរភាព មនសិការជួយឧបត្ថម្ភគ្នាទៅវិញទៅមកដើម្បីលើកកម្ពស់តួនាទី និងតម្លៃរបស់អតីតយុទ្ធជន និងនិវត្តជនឱ្យស័ក្តិសមទៅនឹងគុណបំណាច់ដ៏ធំធេងចំពោះប្រទេសជាតិ និងប្រជាជនកម្ពុជា។

ឯកឧត្តម សុខ លូ មានជំនឿយ៉ាងមុតមាំចំពោះសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាទូទាំងប្រទេស និងខេត្តបាត់ដំបងនឹងមានការវិវត្តន៍យ៉ាងឆាប់រហ័ស ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសនាបតីតេជោប្រធានសមាគម សំដៅធានាឱ្យមានភាពរឹងមាំ និងឧត្តមប្រយោជន៍ជូនចំពោះអតីតយុទ្ធជន និងនិវត្តជន ព្រមទាំងរួមចំណែកក្នុងការការពារសន្តិភាព ការពាររាជរដ្ឋាភិបាលស្របច្បាប់ ក្រោមការដឹកនាំប្រកបដោយឧត្តមគតិដ៏ឈ្លាសវៃ និងមោះមុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាអនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។

ឯកឧត្តមបានណែនាំប្រធានគណៈកម្មាធិការ អ.ន.ក ក្រុង ស្រុកនៃខេត្តបាត់ដំបងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជា ជាពិសេសគោលការណ៍ និងសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតវិសាមញ្ញ តំណាងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាទូទាំងប្រទេស។

* ត្រូវធ្វើជាសេនាធិការជូនគណៈកម្មាធិការ អ.ន.ក. ខេត្ត រក្សានូវសាមគ្គីភាព ឯកភាពផ្ទៃក្នុង ប្រកបដោយឆន្ទៈតែមួយ ស្មារតីទទួលខុសត្រូវរួម។
* ត្រូវសហការរៀបចំបញ្ចូល និងទទួលស្គាល់សមាជិកសកម្មរួមមានអតីតយុទ្ធជន និងនិវត្តជនថ្មីៗ នៅថ្នាក់ខេត្ត និងក្រុង ស្រុក ឱ្យបានឆាប់រហ័ស ដើម្បីពង្រីកសមាសភាព ឱ្យបានទូលំទូលាយ សម្រាប់បងប្អូនជាអតីតយុទ្ធជន និងនិវត្តជនទូទាំងខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់។
* ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាព និងជីវភាពរបស់បងប្អូនជាសមាជិកដោយជំរុញ ការចុះក្ដាប់ជាប់នូវស្ថានការណ៍ និងជីវភាពរស់នៅជាក់ស្តែង ព្រមទាំងផ្តល់ការគាំទ្រចំពោះសមាជិក ដែលជួបការខ្វះខាតកំពុងមានជំងឺ ឬត្រូវការការជួយអន្តរគមន៍នានា។
* ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះការងារបេឡាមរណសង្គ្រោះ ដើម្បីផ្ដល់ការឧបត្ថម្ភដល់គ្រួសារ សមាជិក ដែលបានទទួលមរណភាពបានទាន់ពេលវេលាសំដៅរួមចំណែកសម្រាលទុក្ខ លំបាករបស់ពួកគាត់។
* ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនជាមួយរាជរដ្ឋាភិបាលក្នុងការអនុវត្តយុទ្ធសាស្ត្រ គោលនយោបាយ នានាពាក់ព័ន្ធនឹងការគាំពារដល់អតីតយុទ្ធជននិងនិវត្តជន ជាពិសេសការផ្តល់របបសន្តិសុខសង្គម និងសេវាបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)។
* ត្រូវចាត់តាំងឱ្យមានការប្រារព្ធទិវាអតីតយុទ្ធជនកម្ពុជា ឬចុះសួរសុខទុក្ខក្នុងឱកាសទិវាអតីតយុទ្ធជនកម្ពុជា បន្ថែមពីលើសកម្មភាពប្រចាំថ្ងៃរបស់ អ.ន.ក ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ផងដែរ៕