អភិបាលខេត្តកោះកុង ចូលរួមសច្ចាប្រណិធាន និងបំពាក់កន្សែងជូនក្រុមកាយរិទ្ធឹចំនួន៤៨៤នាក់ នៅស្រុកមណ្ឌលសីមា និងក្រុងខេមរភូមិន្ទ


លោកជំទាវ ឈី វ៉ា អភិបាលខេត្ត និងជាប្រធានកាយរិទ្ធិជាតិកម្ពុជាខេត្តកោះកុង នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុងពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងជូនក្រុមកាយរិទ្ធឹ ៤៨៤នាក់ នៅស្រុកមណ្ឌលសីមា និងក្រុងខេមរភូមិន្ទ។ ពិធីនេះដោយមានការចូលរួមសមាជិក-សមាជិកាលោកគ្រូ-អ្នកគ្រូ នវការិទ្ធឹចំនួន៤៨៤នាក់ ដែលរៀបចំឡើងនៅសាលមហោស្រព ខេត្តកោះកុង។

លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំខេត្ត បានលើកឡើងថា ក្នុងឆ្នាំ២០២៦ កាយរិទ្ធឹក្នុងខេត្តកោះកុង មានចំនួន៥៥៦នាក់ ស្រី២៩២នាក់ ចំនួនកាយរឹទ្ធឹ ដែលត្រូវបំពាក់កន្សែង នាពេលឱកាសនេះ មានថ្នាក់ដឹកនាំកាយរិទ្ធឹចំនួន៧នាក់ ស្រី១ លោកគ្រូ-អ្នកគ្រូ មានចំនួន២៥នាក់ ស្រី៤នាក់ និងកាយរិទ្ធឹជំទង់ចំនួន២៨០នាក់ ស្រី ១៣៥នាក់ កាយរិទ្ធឹប្អូន មានចំនួន២១៦នាក់ ស្រី១៣០នាក់ មកពីកង១១ឯកភាព ក្នុងស្រុកមណ្ឌលសីមា និងក្រុងខេមរភូមិន្ទ សរុបចំនួន៤៨៤នាក់ ស្រី២៧២នាក់។

លោកបានបន្តថា សកម្មភាពរបស់កាយរិទ្ធឹ កំពុងតែប្រតិបត្តិ នៅតាមគ្រឹះស្ថានសិក្សាទូទាំងខេត្ត ជាពិសេសជួយការងារសង្គម ដែលមាននៅតាមសហគមន៍ និងស្វែងយល់ពីការងារ និងបទពិសោធន៍បង្កើនធនធាននោះ ដើម្បីជាតិ និងប្រទេសជាតិទៅថ្ងៃអនាគត។

លោកជំទាវ ឈីង វ៉ា សូមសម្ដែងនូវការកោតសរសើរយ៉ាងស្មោះស្ម័គ្រ ដល់លោកប្រធាន អនុប្រធានគណៈស្នងការកាយរិទ្ធឹខេត្ត គ្រប់លំដាប់ថ្នាក់មេ កងឯកភាពតាមសាលានីមួយៗ ដែលបានរួមសហការគ្នារក្សានិរន្តិរភាព នៃការងារនេះហើយ ដែលបានអនុវត្តយ៉ាងល្អប្រសើរ។

លោកជំទាវ បានបន្ថែមថា បរិបទសកលភាវូបនីកម្ម ព្រះរាជាណាចក្រកម្ពុជា កំពុងតែបោះជំហានលើមាគ៌ា ដ៏ត្រឹមត្រូវក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជាគរុគណកាយរិទ្ធឹជាតិកម្ពុជា នាយករដ្ឋមន្ត្រីនៃកម្ពុជា នៃប្រទេសជាតិទាំងមូល មានសន្តិភាពពេញបរិបូណ៌ មានវឌ្ឍនភាពបំផុតដែលជាមូលដ្ឋាន ធ្វើឲ្យប្រទេសជាតិ មានស្ថេរភាពផ្នែកនយោបាយ និងការអភិវឌ្ឍ។

ក្នុងឱកាសការសច្ចាប្រណិធាន និងបំពាក់កន្សែងនេះ លោកគ្រូ អ្នកគ្រូ ប្អូនៗក្មួយៗ កាយរិទ្ធឹជាតិកម្ពុជា និងកាន់តែស៊ីជម្រៅលើកកិច្ចការងារកាយរិទ្ធឹបន្ថែម ដែលអភិវឌ្ឍន៍កម្លាំងយុវជន ឲ្យមានធនធានសមត្ថភាព ដើម្បីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ឆ្ពោះទៅកាន់ភាពរុងរឿង និងរីកចម្រើនដូចអារ្យប្រទេសនានាលើពិភពលោក៕