រសៀលថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ២០១៧ នៅទីស្តីការក្រសួង ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងសិប្បកម្ម បានទទួលជួបពិភាក្សាការងារជាមួយ លោក Machele Clara អ្នកជំនាញមកពីអង្គការអភិវឌ្ឍន៌ឧស្សាហកម្មសហប្រជាជាតិ(UNIDO) ដើម្បីពិភាក្សាការងារបន្ថែមទាក់ទងទៅលើធាតុផ្សំ និងក្របខ័ណ្ឌនៃកម្មវិធីសម្រាប់ភាពជាដៃគូប្រចាំប្រទេស ដែលប្រទេសកម្ពុជា ត្រូវបានអង្គការ UNIDO ជ្រើសរើសជាប្រទេសគំរូ នៅតំបន់អាស៊ីក្នុងការអនុវត្តកម្មវិធីភាពជាដៃគូប្រចាំប្រទេស (PCP) ដែលនឹងត្រូវគាំទ្រមូលនិធិ និងបច្ចេកទេសពីម្ចាស់ជំនួយនិងដៃគូអភិវឌ្ឍន៌ដើម្បីពង្រឹងការអភិវឌ្ឍន៌វិស័យឧស្សាហកម្មកម្ពុជាប្រកបដោយចិរភាព តាមរយៈ ពង្រឹងនូវយន្តការមួយចំនួន ដូចជា៖គណនាឲ្យឃើញនូវតម្លៃខ្សែសង្វាក់ផលិតកម្ម-ជម្រុញ ប្រសិទ្ធិភាពនៃតំបន់សេដ្ឋកិច្ចពិសេស-ការកាត់ បន្ថយបែបបបទរដ្ឋបាលស្មុគស្មាញ-កិច្ចសម្រួលពាណិជ្ជកម្ម-ការទាក់ទាញការវិនិយោគដោយផ្ទាល់ពីបរទេស-ការបណ្តុះបណ្តាលជំនាញ វិជ្ជាជី វៈ-និងប្រសិទ្ធិភាពនៃការអនុវត្តគោល នយោ បាយអភិវឌ្ឍន៌វិស័យឧស្សាហកម្ម ជាដើម ។
លោក Machele Clara បានលើកឡើងពីដៃគូអភិវឌ្ឍន៌និងម្ចាស់ជំនួយមួយចំនួន ដែលនឹងមានជំហរគាំទ្រកម្មវិធីPCP ជាពិសេសពីប្រទេសកូរ៉េ ដែលមានជំនាញផ្នែកអភិវឌ្ឍន៌សួនឧស្សាហកម្ម និង សហគ្រាសធុនតូចនិងមធ្យម ។ លោក បាន បញ្ជាក់បន្ថែមទៀតថា៖អង្គការ UNIDO នឹងខិតខំសហការធ្វើយ៉ាងណា ជួយពង្រឹងសមត្ថភាព ស្ថាប័ន ធុនធានមនុស្ស ជាពិសេស សិក្សានិងកសាងគោលនយោបាយនិងយុទ្ធសាស្រ្តអភិវឌ្ឍន៌ឧស្សាហកម្មប្រកបដោយចិរភាព និងបរិយាប័ន ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានគាំទ្រនិងវាយតម្លៃខ្ពស់ ចំពោះអង្គការ UNIDO ដែលសប្តាហ៌កន្លងទៅនេះ បានមករៀបចំ សិក្ខាសាលាមួយស្តីអំពី ក្របខ័ណ្ឌ PCP សម្រាប់ការស្វែងយល់នូវអ្វីជាឱកាស និងភាព ប្រឈមនៃការអភិវឌ្ឍវិស័យឧស្សាហកម្ម នៅកម្ពុជា ព្រមទាំងប្រសិទ្ធិភាពនៃការទទួលនិងប្រើប្រាស់ជំនួយអន្តរជាតិ ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានស្នើឲ្យតំណាងអង្គការUNIDO គិតគូលើការកសាងផែនការមេ ក្នុងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស សំដៅការធ្វើពិពិធកម្មឧស្សាហកម្ម ។ ជាពិសេសគឺការទាក់ទាញការវិនិយោគឲ្យចំគោលដៅ ជាប្រភេទឧស្សាហកម្មដែលមានចរិកជា យុទ្ធសាស្ត្រ ដូចជា៖វិស័យអេឡិចត្រូនិក-គ្រឿងយន្ត ជាដើម ។
ទាក់ទងនិងជំនួយមូលនិធិគាំទ្រពីភាគីកូរ៉េ ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានចាត់ ទុកជាកត្តាសំខាន់ និងសង្ឃឹមថា៖កម្ពុជានឹងទទួលបាននូវការនូវបទពិសោធន៌ ចំណេះដឹង និងការផ្ទេបច្ចេកវិទ្យាពីភាគីកូរ៉េ ក្នុងការចូលរួមការអភិវឌ្ឍវិស័យឧស្សាហកម្ម នៅកម្ពុជាឲ្យមានការ រីកចម្រើនទៅមុខជាលំដាប់ ។
សូមបញ្ជាក់ថា៖នៅចុងខែវិច្ឆិកានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ នឹងដឹកនាំប្រតិភូក្រសួងអញ្ជើញទៅចូលរួមសន្និសីទ្ទលើកទី១៧ របស់អង្គការUNIDO នៅទីក្រុង Vienna ប្រទេសអូទ្រីស ព្រមទាំងត្រៀមចុះហត្ថលេខាលើឯកសារក្របខ័ណ្ឌ PCP នេះផងដែរ ។
ឯកឧត្តម ចម ប្រសិទ្ធ ជួបពិភាក្សាការងារជាមួយ លោក Machele Clara អ្នកជំនាញមកពីអង្គការអភិវឌ្ឍន៌ឧស្សាហកម្មសហប្រជាជាតិ(UNIDO)
