ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ បានទទួលជួបសម្តែងការគួរសមជាមួយប្រតិភូសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា(TAFTAC) ដែលដឹកនាំដោយលោក ហេ អេនជា (He Enjia) ប្រធាន(TAFTAC)។
ជំនួបសម្តែងការគួរសមនេះប្រៀបបាននឹងការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការ ដោយផ្តោតលើការធ្វើទំនើបកម្មសេដ្ឋកិច្ច ស្របទៅនឹងបទដ្ឋានបរិស្ថាន ដែលមានភាពស្អាត ភាពបៃតង និងចីរភាពជាសសរត្ថម្ភនៃយុទ្ធសាស្រ្តចក្រវិស័យបរិស្ថាន។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងពីទំនាក់ទំនង និងសារសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថានជាមួយសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និង ផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) ក្នុងការជំរុញឱ្យមានឧស្សាហកម្មបៃតងនៅកម្ពុជា។
ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់បន្ថែមថា ក្រុមហ៊ុនក៏ទទួលបានផលចំណេញ ឯការបំពុលដល់សុខភាពសាធារណៈ និងបរិស្ថាន ក៏ត្រូវបានកាត់បន្ថយជាកំហិត ដែលនេះ គឺជាការវិនិយោគឧស្សាហកម្មបៃតងនៅកម្ពុជា ស្របតាមយុទ្ធសាស្រ្តឈ្នះឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕








