រដ្ឋបាលខេត្តកំពង់ធំ និងវិស័យឯកជនរួមគ្នាដាំដើមឈើក្រោមគំនិតផ្តួចផ្តើម «សហគមន៍បៃតង» ដើម្បីបន្តបង្ហាញការប្តេជ្ញាជាង ៦ទសវត្សរ៍ ចំពោះការអភិវឌ្ឍប្រកដោយចីរភាពនៅកម្ពុជា


ក្នុងស្មារតីរួមគ្នាដើម្បីបរិស្ថាន និងសហគមន៍បៃតង រដ្ឋបាលខេត្តកំពង់ធំ បានរួមគ្នាជាមួយក្រុមហ៊ុន ខេមប្រ៊ូវ (កាសស៊្បែរ ខេមប៊ូឌា) ដែលមានប្រតិបត្តិការលើរោងចក្រផលិតស្រាបៀរដំបូងគេបង្អស់នៅកម្ពុជា និងជាអ្នកផលិតស្រាបៀរអង្គរ ដែលជាពាណិជ្ជសញ្ញាជាតិដ៏ល្បីល្បាញ នៅកម្ពុជា រៀបចំពិធីដាំដើមឈើក្រោមគំនិតផ្តួចផ្តើម «សហគមន៍បៃតង» នៅក្រុងស្ទឹងសែនខេត្តកំពង់ធំ ដើម្បីលើកកម្ពស់ការថែរក្សាបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព។

គំនិតផ្តួចផ្តើមនេះ ក៏មានគោលដៅបន្តបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការយកចិត្តទុកដាក់ចំពោះសហគមន៍ និងប្រជាជនកម្ពុជា ដែលក្រុមហ៊ុនបានផ្តោតអស់រយៈពេលជាង ៦០ឆ្នាំកន្លងមកនេះ។

ព្រឹត្តិការណ៍ដាំដើមឈើនេះ ក៏បានធ្វើឡើងស្របពេលនឹងការដាក់ដំណើរការនូវក្របខណ្ឌចីរភាពសកលថ្មីរបស់ក្រុមហ៊ុនកាសស៊្បែរ គ្រុប (Carlsberg Group) ដែលជាក្រុមហ៊ុនមេរបស់ ខេមប្រ៊ូវ ក្រោមគោលដៅចីរភាព «ការអភិវឌ្ឍដើម្បីអនាគតកាន់តែប្រសើរ (Brewing Tomorrow)» ដែលផ្តោត លើការការពារធម្មជាតិ ការអភិវឌ្ឍធនធានមនុស្ស និងការអនុវត្តអាជីវកម្មដោយទំនួលខុសត្រូវខ្ពស់។

ពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និង លោក Michiel Oerlemans អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន ខេមប្រ៊ូវ ព្រមទាំងមានការចូលរួមពីមន្ទីរជំនាញខេត្ត អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងបុគ្គលិកខេមប្រ៊ូវ ក្នុងស្មារតីរួមគ្នា ដើម្បីសហគមន៍បៃតង កម្ពុជា បៃតង។

លោក Michiel Oerlemans បានគូសបញ្ជាក់ថា ការអនុវត្តអាជីវកម្មដោយការទទួលខុសត្រូវចំពោះសង្គម គឺជាផ្នែកមួយនៃអត្តសញ្ញាណ និងរបៀបនៃការធ្វើប្រតិបត្តិការនៅក្រុមហ៊ុនខេមប្រ៊ូវ បានថ្លែងថា «កម្ពុជា គឺជាផ្ទះរបស់យើង ហើយរាល់តំណក់ភេសជ្ជៈដែលយើងផលិត គឺកើតចេញពីគោលបំណងជាក់លាក់របស់យើងចាប់តាំងពីការបង្កើតក្រុមហ៊ុនលើកដំបូងគឺ «ការអភិវឌ្ឍឱ្យកាន់តែប្រសើរទាំងថ្ងៃនេះ និងថ្ងៃស្អែក (Brewing For A Better Today and Tomorrow)»។ តួនាទីរបស់ខេមប្រ៊ូវ ឬកាសស៊្បែរនៅកម្ពុជា មិនបានកំណត់ត្រឹមតែ ការផលិតភេសជ្ជៈដ៏មានគុណភាពសម្រាប់អតិថិជនប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ចង់ឃើញសហគមន៍របស់យើងមានការអភិវឌ្ឍរីកចម្រើនប្រកបដោយនិរន្តរភាព ដូចដែលថា គ្មានសហគមន៍ គ្មានអាជីវកម្ម ពួកយើងត្រូវរីកចម្រើនជាមួយគ្នា»

ក្រៅពីផ្តល់អត្ថប្រយោជន៍ផ្នែកអាកាសធាតុ ដូចជាការស្រូបយកឧស្ម័នកាបូន និងការជួយបង្កើនភាពធន់ចំពោះបម្រែ បម្រួលអាកាសធាតុ គំនិតផ្តួចផ្តើមនេះ ក៏នឹងបង្កើតជាកេរដំណែលដ៏មានអត្ថន័យសម្រាប់មនុស្សជំនាន់ក្រោយ។លោកក៏បាន បន្ថែមថា «ដើមឈើមួយដើម គឺជាក្តីសង្ឃឹមមួយ។ ការដាំនៅថ្ងៃនេះ គឺយើងកំពុងដាំក្តីសង្ឃឹមសម្រាប់កូនចៅជំនាន់ក្រោយ។ ពួកគាត់នឹងមានម្លប់ជ្រកនិងមានខ្យល់ដកដង្ហើមដ៏បរិសុទ្ធ»។

លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានកោតសរសើរចំពោះកិច្ចសហការនេះ ដោយលើកឡើងពីតួនាទីសំខាន់ របស់វិស័យសាធារណៈ និងឯកជន ក្នុងការអភិវឌ្ឍខេត្ត ក៏ដូចជាប្រទេសកម្ពុជាទាំងមូល។

អភិបាលខេត្តកំពង់ធំ បានគូសបញ្ជាក់ថា៖ «ការការពារបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព មិនមែនជាភារកិច្ចផ្តាច់មុខរបស់បុគ្គលណាម្នាក់ឡើយ ប៉ុន្តែទាមទារឱ្យមានការរួមដៃគ្នាពីគ្រប់ភាគីពាក់ព័ន្ធ។ សកម្មភាពដាំដើមឈើបែបនេះ បង្ហាញយ៉ាងច្បាស់ពីរបៀបដែលរាជរដ្ឋាភិបាល សហគមន៍ និងវិស័យឯកជន អាចធ្វើការរួមគ្នា ដើម្បីការពារធនធានធម្មជាតិ និងគាំទ្រសុខុមាលភាពរយៈពេលវែងសម្រាប់អ្នកជំនាន់ក្រោយ។ ហើយសកម្មភាពថ្ងៃនេះ ខេមប្រ៊ូវ បានបង្ហាញឱ្យឃើញពីគំរូភាពនៃវិស័យឯកជន ដែលមិនត្រឹមតែធ្វើធុរកិច្ច ប៉ុន្តែថែមទាំងមានការយកចិត្តទុកដាក់ក្នុងការជួយជ្រោមជ្រែងសង្គម និងបរិស្ថាន ស្របតាមគោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល»

«សហគមន៍បៃតង» គឺជាគំនិតផ្តួចផ្តើមមួយនៃក្របខណ្ឌចីរភាពសកលថ្មីរបស់ក្រុមហ៊ុន កាសស៊្បែរ «ការអភិវឌ្ឍដើម្បីអនាគតកាន់តែប្រសើរ (Brewing Tomorrow)» ដែលប្តេជ្ញាអនុវត្តអាជីវកម្មដោយការទទួលខុសត្រូវដោយ មានសសរស្តម្ភចំនួន ៤ រួមមាន ការកាត់បន្ថយការបំភាយកាបូន ការការពារធម្មជាតិ ការផ្តល់ជម្រើសអតិថិជនប្រកបដោយការទទួលខុសត្រូវ និងការអភិវឌ្ឍធនធានមនុស្ស។ ការដាំដើមឈើ គឺជាសកម្មភាបជាក់ស្តែង និងអាចមើលឃើញបានច្បាស់ ក្នុងការបម្លែងការប្តេជ្ញានេះទៅជាសកម្មភាពជាក់ស្តែងនៅកម្រិតមូលដ្ឋាន។

ក្នុងនាមជាដៃគូសេដ្ឋកិច្ច និងសង្គមដ៏រឹងមាំ និងយូរអង្វែង ក្រុមហ៊ុន ខេមប្រ៊ូវ តាមរយៈផលិតផលភេសជ្ជៈរបស់ខ្លួន ដូចជាស្រាបៀរ អង្គរ ស្ទីង ប៉ិបស៊ី ទឹកសាអង្គរពូរ៉ូ និងភេសជ្ជៈផ្សេងទៀតរបស់ខ្លួនបានបន្តប្តេជ្ញាតួនាទីរបស់ខ្លួនក្រៅពីការបង្កើតការងារ ការគាំទ្រដៃគូអាជីវកម្មក្នុងស្រុក និងការរួមចំណែកចំពោះចំណូលជាតិ ក្រុមហ៊ុនប្តេជ្ញាបង្កើនសកម្មភាពទំនួលខុសត្រូវសង្គម ដើម្បីគោលដៅរីកចម្រើនរួមគ្នា ទាំងសេដ្ឋកិច្ច សង្គម និងអាជីវកម្ម។

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីឆ្នាំ២០២៣ មក ក្រុមហ៊ុន ខេមប្រ៊ូវ បានដាំដើមឈើជាង ១,០០០ដើម នៅទូទាំងប្រទេសតាមរយៈកិច្ចសហការជាមួយអាជ្ញាធរ អង្គការសង្គមស៊ីវិល វិស័យឯកជន យុវជន និងដៃគូពាក់ព័ន្ធនានាដែលបង្ហាញពីការប្តេជ្ញាចិត្តយូរអង្វែងរបស់ក្រុមហ៊ុន ក្នុងការការពារបរិស្ថាន និងការអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាព៕