ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយចែកជូនកងទ័ពនៅកងពលធំអន្តរាគមន៍លេខ៣ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី


ឯកឧត្តមកិត្តិនីតិកោសល្យបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយ លេខាធិការដ្ឋានគណៈកម្មការជាតិប្រឆាំងភេវរកម្ម អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាថវិកា និងសម្ភារចាំបាច់ជាច្រើនប្រគល់ជូននាយទាហាន នាយទាហានរង និងពលទាហាន កងពលធំអន្តរាគមន៍លេខ៣ ដែលកំពុងឈរជើងការពារទឹកដីតាមបន្ទាត់ព្រំដែន សមរភូមិទិសទី១ ប្រាសាទព្រះវិហារ។

នៅក្នុងឱកាសនោះលោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានរាយការណ៍ស្វាគមន៍ ដោយលើកឡើងពីស្ថានភាពទូទៅ និងលទ្ធផលការងារសំខាន់ៗ ដែលអង្គភាពសម្រេចបានក្នុងការបំពេញភារកិច្ចការពារជាតិ និងរក្សាសន្តិសុខសង្គម។

ថ្លែងក្នុងពិធីសំណេះសំណាលនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់នាយទហាន នាយទាហានរង និងពលទាហាន ក្នុងអង្គភាពកងពលធំអន្តរាគមន៍លេខ៣ទាំងអស់ ពិសេសក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ សូមជួបតែសេចក្តីសុខ សុខភាពល្អគ្រប់ៗគ្នា។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកឡើងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់កងកម្លាំងប្រដាប់អាវុធ ដែលជាខ្សែក្រវាត់ការពារសន្តិភាព និងស្ថិរភាពជាតិ។
ជាពិសេសខណៈពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កាន់តែខិតជិតមកដល់ លោកទេសរដ្ឋមន្ត្រីបានផ្ញើសារជូនពរជូនដល់កងកម្លាំងវីរកងទ័ពទាំងអស់ សូមឱ្យមានសុខភាពល្អ កម្លាំងមាំមួន និងស្មារតីរឹងមាំ បន្តឈរជើងយ៉ាងមុតមាំ ក្នុងបេសកកម្មការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី។

ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ក៏បានជំរុញឱ្យកងកម្លាំងទាំងអស់ បន្តគោរពវិន័យយ៉ាងម៉ឺងម៉ាត់ រក្សាសាមគ្គីភាពផ្ទៃក្នុង និងមានភាពត្រៀមខ្លួនជានិច្ច ដើម្បីឆ្លើយតបទៅនឹងគ្រប់ស្ថានភាព និងចូលរួមថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន។

ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ក៏បានប្រគល់ថវិកា ស្បៀងអាហារ និងសម្ភារសំខាន់ៗជាច្រើន ជូនដល់អង្គភាពកងពលធំអន្តរាគមន៍លេខ៣ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ដើម្បីជាការលើកទឹកចិត្ត និងជួយសម្រួលជីវភាពរស់នៅប្រចាំថ្ងៃ ខណៈកំពុងឈរជើងបំពេញភារកិច្ចដ៏សំខាន់សម្រាប់ជាតិមាតុភូមិរបស់យើង៕