ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Park Hee Soo ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Saemyeong Energy Tech នាថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២៦ នៅស្ថានទូតកម្ពុជាក្នុងទីក្រុងសេអ៊ូល។
លោក Park បានជម្រាបជូនឯកឧត្តមឯកអគ្គរាជទូតថា លោកមានគម្រោងនាំយកបច្ចេកវិទ្យាផលិតជីសិរីរាង្គឈានមុខគេរបស់កូរ៉េ ទៅចែករំលែកជូនដល់ប្រជាកសិករកម្ពុជាដែលកំពុងប្រកបរបរដាំដុះដំណាំស្រូវ ពោត សណ្តែក និងដំណាំបន្លែ ផ្លែឈើផ្សេងៗ។ លោក Park ចង់ឃើញផលិតផលកសិកម្មរបស់កម្ពុជាក្លាយជាកសិផលសិរីរាង្គលំដាប់ថ្នាក់អន្តរជាតិ ដើម្បីជួយបង្កើនជីវភាពរស់នៅរបស់ប្រជាជន ពិសេសប្រជាកសិករកម្ពុជា។
ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងនូវការស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់លោក Park និងបានថ្លែងអំណរគុណចំពោះទឹកចិត្តរបស់លោកក្នុងបំណងលើកស្ទួយជីវភាពរបស់ប្រជាកសិករកម្ពុជា ព្រោះ វិស័យកសិកម្មជាវិស័យសំខាន់ និងបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
ឯកឧត្តមឯកអគ្គរាជទូត បានលើកទឹកចិត្តលោក Park ឱ្យចាប់ផ្តើមរៀបចំរោងចក្រ ឫកន្លែងស្រាវជ្រាវធ្វើជីសិរីរាង្គនៅប្រទេសកម្ពុជា និងអញ្ជើញលោកទៅទស្សនកិច្ចនៅកម្ពុជា ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយវិស័យឯកជនផ្នែកកសិកម្ម និងក្រសួង-ស្ថាប័នពាក់ព័ន្ធ។ បន្ថែមពីនេះ លោកឯកអគ្គរាជទូត ក៏បានសំណូមពរក្រុមហ៊ុនជ្រើសរើសនិស្សិត ឫពលករខ្មែរដែលកំពុងសិក្សា និងបំរើការងារនៅកូរ៉េនេះ ដើម្បីផ្តល់ឱកាសឲ្យពួកគេទទួលបាននូវបទពិសោធន៍ និងជំនាញបច្ចេកទេសក្នុងការផលិតជីសិរីរាង្គនេះ ដូច្នេះក្រោយពេលពួកគេត្រលប់ទៅកម្ពុជាវិញ ពួកគេនឹងមានជំនាញក្នុងការផលិតជីសិរីរាង្គ និងអាចជួយដល់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា៕







