ខេត្តព្រះវិហារ កម្ពុជា និងខេត្តហ្សាឡាយ របស់វៀតណាម បានបញ្ជាក់រួមគ្នាពីការប្តេជ្ញាពង្រឹងសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ


ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ បានទទួលស្វាគមន៍ប្រតិភូជាន់ខ្ពស់ខេត្តហ្សាឡាយ ដឹកនាំដោយលោក Pham Anh Tuan សមាជិកគណៈមជ្ឈិមបក្ស និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្តហ្សាឡាយ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងនាំយកពរជ័យសិរីសួស្តីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជូនដល់ថ្នាក់ដឹកនាំខេត្តព្រះវិហារ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តព្រះវិហារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីមិត្តខេត្តហ្សាឡាយ ដែលបានបង្ហាញមនោសញ្ចេតនាបងប្អូនដ៏រឹងមាំ តាមរយៈការឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ ជូនដល់ប្រជាពលរដ្ឋចំនួន ១,៥០០គ្រួសារ នៅតាមមណ្ឌលសុវត្ថិភាព ដែលជាការរួមចំណែកសំខាន់ក្នុងការកាត់បន្ថយការលំបាក និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់លើការពង្រឹង និងពង្រីកសហប្រតិបត្តិការ ក្នុងវិស័យសំខាន់ៗជាច្រើន ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

ជាលទ្ធផលនៃជំនួបនេះ ថ្នាក់ដឹកនាំខេត្តទាំងពីរ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត៕