នាថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត និងលោកជំទាវ ហេង សំអាន ប៉ែនកុសល្យ ប្រធានកិត្តិយសសាខាសមាគមនារី ដើម្បីអភិវឌ្ឍន៍កម្ពុជាខេត្ត បានអញ្ជើញជាអធិបតី ប្រារព្ធពិធីសូត្រមន្តចម្រើនព្រះបរិត្ត ដើម្បីសុំសិរីសួស្តីជ័យមង្គល និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះឲ្យសាលាខេត្តត្បូងឃ្មុំ។
ពិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីសម្អាតឧបទ្រពចង្រៃឆ្នាំចាស់ និងទទួលពរជ័យសិរីសួស្តីពីទេវតាឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦ ព្រមទាំងជាឱកាសដ៏វិសេសវិសាលក្នុងការជួបជុំ សំណេះសំណាល សួរសុខទុក្ខ និងពង្រឹងសាមគ្គីភាពផ្ទៃក្នុងរវាងថ្នាក់ដឹកនាំ និងមន្ត្រីរាជការសាលាខេត្ត ដែលបានខិតខំបំពេញភារកិច្ចបម្រើជាតិ និងប្រជាពលរដ្ឋនាពេលកន្លងមក។
ក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំខេត្ត ក៏បានជូនពរដល់មន្ត្រីរាជការទាំងអស់ ឱ្យជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន និងទទួលបានជោគជ័យគ្រប់ភារកិច្ចក្នុងឱកាសឆ្នាំថ្មីនេះ៕















