រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីសូត្រមន្តលើករាសី និងបួងសួងសុំសន្តិភាពតាមព្រំដែន ក្នុងឱកាសទទួលអំណរឆ្នាំថ្មី ឆ្នាំមមី


នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងលើករាសី ដើម្បីត្រៀមទទួលអំណរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពស.២៥៧០ ក្រោមអធិបតីភាព ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមន្ត្រីរាជការយ៉ាងច្រើនកុះករ។

មុនកិច្ចសាសនា ថ្នាក់ដឹកនាំខេត្តបានអញ្ជើញគោរពបូជាទានធូប និងថ្វាយគ្រឿងសក្ការៈបូជាយ៉ាងសង្រួមចំពោះ ព្រះអង្គចៅសែន និងបារមីក្បាលកោះសំពៅមាស ដែលជាទីកន្លែងសក្តិសិទ្ធិ តំណាងឱ្យដួងព្រលឹង និងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាពលរដ្ឋខេត្តពោធិ៍សាត់ ដើម្បីសុំសេចក្តីសុខ សិរីសួស្តី និងពរជ័យជ័យមង្គល ជូនដល់មន្ត្រីរាជការទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន។

ក្នុងស្មារតីស្នេហាជាតិដ៏មុតមាំ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ក៏បានរួមចិត្តរួមថ្លើមគ្នា បួងសួងដល់វត្ថុសក្តិសិទ្ធិក្នុងលោក ជាពិសេសទេវតាឆ្នាំថ្មី ព្រះនាងធុស្សាទេវី សូមជួយអភិបាលគ្រងរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យជួបតែភាពសុខសាន្ត ដោយក្នុងនោះសូមឱ្យបញ្ហាវិវាទព្រំដែនជាមួយប្រទេសជិតខាង (ថៃ) ត្រូវបានដោះស្រាយដោយសន្តិវិធី និងតាមយន្តការច្បាប់អន្តរជាតិ ជាជាងការប្រើប្រាស់កម្លាំងប្រដាប់អាវុធ។ ជាមួយគ្នានោះ សូមបួងសួងដល់វត្ថុសក្តិសិទ្ធិ តាមជួយថែរក្សាកងកម្លាំងប្រដាប់អាវុធ ដែលឈរជើងតាមព្រំដែន ឱ្យជួបតែសុខសុវត្ថិភាព និងមានជ័យជំនះគ្រប់ភារកិច្ច។

អង្គពិធីទាំងមូលក៏បានទស្សនាការសម្តែង “របាំត្រុដិ” ដែលជារបាំប្រពៃណីខ្មែរដ៏បុរាណ សម្រាប់ដេញនូវឧបទ្រពចង្រៃ និងប្រសិទ្ធពរជ័យមហាសួស្តីផងដែរ។

ស្របពេលគ្នានោះ ឯកឧត្តម ខូយ រីដា ក៏បានផ្ញើសារជូនពរដល់ប្រជាពលរដ្ឋទូទាំងខេត្ត សូមឱ្យមានសុខភាពល្អបរិបូណ៌ និងជួបតែពុទ្ធពរទាំងបួនប្រការ ក្រោមម្លប់នៃសន្តិភាព និងការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីបន្តដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យទទួលបានជោគជ័យបន្ថែមទៀតក្នុងឆ្នាំថ្មីនេះ៕