អភិបាលខេត្តកំពត ជំរុញឱ្យគ្រូបង្រៀន ត្រូវបន្តបណ្តុះយុវជនជំនាន់ក្រោយឱ្យក្លាយជាធនធានមនុស្ស និងធនធានជាតិ សំដៅចូលរួមបម្រើជាតិទៅថ្ងៃអនាគត


ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានជំរុញឱ្យលោកគ្រូ អ្នកគ្រូទាំងអស់ ត្រូវបន្តបណ្តុះកូនក្មួយជំនាន់ក្រោយ ឱ្យក្លាយជាធនធានមនុស្ស និងធនធានជាតិដែលមានគុណភាព ដើម្បីចូលរួមបម្រើជាតិនៅថ្ងៃអនាគត។

ការជំរុញបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូមត្តេយ្យសហគមន៍ ដែលមកពីបណ្តាក្រុង-ស្រុកទាំង៩ ប្រមាណ ១៤៨នាក់ នៅសាលមហាជន សាលាខេត្តកំពត នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦។

ឯកឧត្តមអភិបាលខេត្តកំពត បានបន្តថា លោកគ្រូ អ្នកគ្រូមត្តេយ្យសហគមន៍បង្រៀននៅតាមបណ្តាភូមិ ឃុំ-សង្កាត់ បានចូលរួមយ៉ាងសកម្ម ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និងធនធានជាតិយ៉ាងសំខាន់ ព្រោះកូនក្មួយតូចៗ ចាប់ផ្តើមទទួលបានការបណ្តុះបណ្តាលផ្ទាល់។

ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា ការសិក្សាអប់រំរបស់ប្រទេសកម្ពុជា ត្រូវបានបាត់បង់ទាំងស្រុងក្នុងរបប ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដែលពេលនោះ អ្នកមានចំណេះដឹងស្ទើតែត្រូវបាត់បង់ទាំងស្រុង។ ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ការសិក្សា ត្រូវបានរៀបចំឡើងវិញ តាមរយៈលោកគ្រូ អ្នកគ្រូ ព្រះសង្ស ដែលមានចំណេះដឹង ហើយនៅមានជីវិតបន្ត តែការសិក្សានោះ ក៏មិនមានសាលារៀនត្រឹមត្រូវ និងស្អាតដូចបច្ចុប្បន្នដែរ ការសិក្សារៀនសូត្រ គឺនៅក្នុងទីវត្តអារាម។ ក្រោយពេលប្រទេសកម្ពុជា ទទួលបានសន្តិភាពពេញលេញ ពេញផ្ទៃប្រទេស ដែលយកមកដោយលំបាក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី វិស័យសិក្សាធិការ ត្រូវបានយកចិត្តទុកដាក់ជាចម្បង ដោយបានបង្កើតឡើងឱ្យមានសាលារៀន គ្រប់តំបន់ បំពាក់បំប៉នឱ្យមានគ្រូបង្រៀនគ្រប់សាលា រហូតដល់ក្នុងភូមិ ដើម្បីបណ្តុះបណ្តាលកូនក្មួយជំនាន់ក្រោយ។

ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា៖ «ដូច្នេះក្នុងនាមយើងជាអ្នកបណ្តុះបណ្តាល និងជាអ្នកឆ្លាក់ពុម្ភបង្កើតធនធានមនុស្សសម្រាប់បំរើសង្គមជាតិ យើងត្រូវបណ្តុះឱ្យមានគុណភាពខ្ពស់ មានចំណេះដឹងពិតប្រាកដ ចំណេះធ្វើពិតប្រាកដ ដើម្បីចូលរួមបំរើជាតិមាតុភូមិ ពិសេសឱ្យមានមនសិកាស្នេហាជាតិ ដឹងគុណ តបគុណអ្នកដែលផ្តល់ភាពសុខសាន្តដល់យើងទាំងអស់គ្នា ពិសេសស្ថាបនិកសន្តិភាព គឺសម្តេចតេជោ ហ៊ុន សែន»។

ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានរៀបចំការចាប់រង្វាន់លើកទឹកចិត្តដល់គ្រូមត្តេយ្យសហគមន៍ទាំងអស់ ដែលរង្វាន់រួមមាន៖ ម៉ូតូ ចំនួន ២គ្រឿង កុំព្យូទ័រឡេបថប ចំនួន ៦គ្រឿង និងទូរទស្សន៍ ចំនួន ១០គ្រឿង។

ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តល់ជូនថវិកា និងគ្រឿងឧបភោគបរិភោគ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដល់លោកគ្រូ អ្នកគ្រូទាំង ១៤៨នាក់ ដោយក្នុងម្នាក់ៗ ទទួលបាន៖ ថវិកា ១០ម៉ឺនរៀល, សារ៉ុង២, អង្ករ ៨០គីឡូក្រាម, ទឹកសុទ្ធ ១កេស, ទឹកក្រូច ១កេស, មី ១កេស រួមនឹងអាហារសាមគ្គីថ្ងៃត្រង់ផងដែរ។

យោងតាមរបាយកាណ៍ ពីមន្ទីរអប់រំយុវជន និងកីឡា ខេត្តកំពត មានមត្តេយ្យសហគមន៍ចំនួន ១៣៥កន្លែង ស្មើ ១៤៩ថ្នាក់, គ្រូ ១៤៨នាក់ក្នុងនោះគ្រូជាប់ស្តង់ដា ៨៨នាក់ ប្រមូលសិស្សបាន ៤១២៧នាក់ (ស្រី ២០២៩នាក់) ស្នើនឹង ៣០% នៃចំនួនកុមារតូចៗដែលបានចូលរៀនទាំងអស់ ខណៈមត្តេយ្យរដ្ឋប្រមូលសិស្សបាន៦០% ឯកជន១០%៕