ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល និងនាំយកថវិកាសប្បុរសជន ដែលបានឧបត្ថម្ភតាមរយៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគល់ជូនដល់ក្រុមគ្រួសារវីរកងទ័ព ដែលបានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដី នៅសមរភូមិទិសព្រះវិហារ។
ពិធីនេះបានរៀបចំឡើងនៅសាលប្រជុំសាលាខេត្តព្រះវិហារ ក្នុងបរិយាកាសកក់ក្តៅ និងពោរពេញដោយមនោសញ្ចេតនាគោរពដល់វីរភាព និងការលះបង់ដ៏ថ្លៃថ្នារបស់វីរកងទ័ពកម្ពុជា ដែលបានបម្រើជាតិមាតុភូមិ។
ឯកឧត្តម គីម រិទ្ធី បានថ្លែងថា ការយកចិត្តទុកដាក់ចំពោះគ្រួសារវីរកងទ័ព គឺជាកាតព្វកិច្ចមួយដ៏សំខាន់លោកក៏បង្ហាញពីការគោរព និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវីរកងទ័ព ដែលបានលះបង់ជីវិតដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីជាតិ ព្រមទាំងបានលើកទឹកចិត្តដល់ក្រុមគ្រួសារវីរកងទ័ពឱ្យបន្តរស់នៅដោយកម្លាំងចិត្តមាំមួន។
នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ឯកឧត្តមអភិបាលខេត្តព្រះវិហារ ក៏បានថ្លែងជូនពរដល់បងប្អូនក្រុមគ្រួសារវីរកងទ័ពពលីទាំងអស់ ឱ្យទទួលបានសុខភាពល្អ សេចក្ដីសុខ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច។
សូមបញ្ជាក់ថា ការចែករំលែកថវិកាសប្បុរសជនជូនគ្រួសារវីរកងទ័ពពលីនាពេលនេះ មិនត្រឹមតែជាការជួយសម្រាលទុក្ខលំបាកប៉ុណ្ណោះទេ ប៉ុន្តែជាការបញ្ជាក់ពីការយកចិត្តទុកដាក់ និងការមិនភ្លេចគុណបុណ្យរបស់វីរកងទ័ព ដែលបានបម្រើជាតិយ៉ាងស្មោះត្រង់ផងដែរ៕

























