ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដឹកនាំប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ លេងល្បែងទាញព្រ័ត្រមិត្តភាពយ៉ាងវែង នៅលើផ្លូវថ្មើរជើងចតុមុខនៅថ្ងៃទី១នៃបុណ្យចូលឆ្នាំខ្មែរ


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រួមជាមួយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១នៃបុណ្យចូលឆ្នាំខ្មែរ បានដឹកនាំប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ លេងល្បែងទាញព្រ័ត្រមិត្តភាពយ៉ាងវែង ប្រវែង២៥០ម៉ែត្រ នៅលើផ្លូវថ្មើរជើងចតុមុខ ដោយមានមនុស្សចូលរួមលេងច្រើនបំផុត មិនធ្លាប់មាន។

នៅក្នុងឱកាសនេះ សម្រាប់ល្បែងប្រជាប្រិយទាញព្រ័ត្រមិត្តភាព ដែលឯកឧត្តម ហ៊ុន ម៉ានី និងឯកឧត្តម ឃួង ស្រេង ដឹកនាំលេងខាងលើនេះ មានមនុស្សប្រមាណជាង៧០០នាក់ចូលរួមទាញជុំគ្នា ដែលជាចំនួនមនុស្សចូលរួមលេងច្រើនបំផុត មិនធ្លាប់មាន ។

គួរឱ្យដឹងថា ល្បែងទាញព្រ័ត្រ ជាល្បែងលេងកំសាន្តសប្បាយ របស់យុវជនខ្មែរ ទាំងបុរស ទាំងស្រ្តី ទាំងកម្លោះ ទាំងក្រមុំ ដែលគេលេងដោយប្រើកម្លាំងកាយ និងលេងតែនៅរដូវចូលឆ្នាំខ្មែរប៉ុណ្ណោះ។ ល្បែងទាញព្រ័ត្រនេះ ចាត់ទុកជាការហាត់កម្លាំង ហាត់ប្រាណ ឱ្យរាងកាយមានកម្លាំង មានសុខភាពល្អ។ ល្បែងទាញព្រ័ត្រ ដើមឡើយគេច្រើននិយមលេងក្នុងវត្ដអារាម ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ព្រោះវត្ដមានទីវាលធំទូលាយ ងាយដល់ការលេងល្បែងនេះ តែអាចលេងនៅតាមភូមិក៏បាន បើប្រសិនជាភូមិនោះ មានមនុស្សនៅផ្ដុំគ្នាច្រើន ហើយមានទីវាលល្មមលេងកើត។ ល្បែងនេះ គេច្រើនលេងនៅពេលថ្ងៃ តែប្រសិនជាមានចង្កៀងយ៉ាងភ្លឺ ឬពន្លឺព្រះចន្ទភ្លឺថ្លាល្អ គេអាចលេងនៅពេលយប់ក៏បាន។

សម្រាប់នៅរាជធានីភ្នំពេញ ក្នុងថ្ងៃទី១ នៃថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលគេនិយមហៅថា ជាថ្ងៃមហាសង្រ្កាន្ត មានការរៀបចំតុបតែងលំអរ ផ្ការភ្ញី ក្បូក្បាច់រចនា បំពាក់អំពូលភ្លើងលំអរពេលរាត្រី និងលេងល្បែងកំសាន្ត ល្បែងប្រជាប្រិយ៍ខ្មែរ នៅគ្រប់ទីប្រជុំជនដូចជា៖ រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តវត្តភ្នំ ផ្លូវថ្មើជើងតាមដងទន្លេ ចាប់ពីផ្សាររាត្រី ដល់មុខព្រះរមរាជវាំង និងនៅតាមទីប្រជុំជននានាជាច្រើនទៀត។

សូមជម្រាបជូនថា ល្បែងទាញព្រ័ត្រ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិ នៃអង្គការយូណេស្កូ (UNESCO) នៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០១៥៕