សមាគមមិត្តភាពកម្ពុជា-វៀតណាមខេត្តហ្សាឡាយ ប្រទេសវៀតណាម ចំនួន២៩នាក់ដឹកនាំដោយលោកង្វៀន យ៉ុង ជាអនុប្រធានសមាគមន៍សហព័ន្ធកសិកម្មវៀតណាមបានជួបសំណេះសំណាល សួរសុខទុក្ខ និងជូនពរ ឯកឧត្តម ញ៉ែម សំអឿនអភិបាលខេត្តរតនគិរី ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ គ.ស២០២៦។
ជំនួបនេះធ្វើឡើងក្នុងសាលប្រជុំ(VIP)សាលាខេត្តរតនគិរី នៅរសៀលថ្ងៃទី១៤ខែមេសា ឆ្នាំ២០២៦ត្រូវនឹងថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំខ្មែរ។ ពិធីនេះមានការចូលរួមពីលោក-លោកស្រី ប្រធានមន្ទីរសុខាភិបាល,ប្រធានមន្ទីរទេសចរណ៍,ប្រធានមន្ទីរកសិកម្ម,ប្រធានមន្ទីរពាណិជ្ជកម្ម,ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន និងប្រធានមន្ទីរព័ត៌មាន។
ក្នុងជំនួបនេះ ឯកឧត្តម ញ៉ែម សំអឿន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានលោកង្វៀន យ៉ុង អនុប្រធានសមាគមន៍សហព័ន្ធកសិកម្មវៀតណាម,លោក-លោកស្រី ជាគណៈប្រតិភូដែលបានចំណាយពេលដ៏មមាញឹក និងមានតម្លៃ មកសំណេះសំណាល សួរសុខទុក្ខថ្នាក់ដឹកនាំខេត្តរតនគិរីចំថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១នាពេលនេះ។
ឯកឧត្តម ញ៉ែម សំអឿន បានជម្រាបជូនភ្ញៀវផងដែរថា បច្ចុប្បន្ននេះក្រោមការដឹកនាំដ៏ឈ្លាសវៃ និងស្វាហាប់ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់អភិវឌ្ឍន៍ប្រទេស ឲ្យកាន់តែមានភាពរីកចម្រើន និងជីវភាពប្រជាជន ឲ្យកាន់តែមានភាពធូរធារថែមមួយកម្រិតទៀត។
ជាក់ស្តែង «សង្ក្រាន្តរតនគិរី» មានបងប្អូនប្រជាពលរដ្ឋក្នុងស្រុក-ក្រៅស្រុកចូលលេងកម្សាន្តយ៉ាងច្រើនកុះករ។
ឯកឧត្តមបន្តថា ទោះបីហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិមានភាពល្អប្រសើរ ប៉ុន្តែខេត្តរតនគិរីស្ថិតនៅភូមិភាគ ឥសាន្តឆ្ងាយជាងគេពីរាជធានីភ្នំពេញ ដូច្នេះរដ្ឋបាលខេត្តបានគោរពស្នើសុំទៅប្រមុខរាជរដ្ឋាភិបាលសង់ព្រលានយន្តហោះថ្មីនឹងមានជើងហោះហើរនាពេលខាងមុខផងដែរ។
ឯកឧត្តមអភិបាលខេត្តបញ្ជាក់ឲ្យដឹងទៀតថាខេត្តរតនគិរីមានវិស័យចំនួន៣សំខាន់ៗដូចជា៖វិស័យកសិកម្ម,វិស័យរ៉ែ,វិស័យទេសចរណ៍ បង្កលក្ខណៈងាយស្រួលសម្រាប់អ្នកវិនិយោគ។
លោកង្វៀន យ៉ុងអនុប្រធានសមាគមន៍សហព័ន្ធកសិកម្មវៀតណាមថ្លែងប្រាប់ឲ្យដឹងថាសមាគមមិត្តភាពកម្ពុជា-វៀតណាមខេត្តហ្សាឡាយ មកចូលរួមសប្បាយរីករាយលេងល្បែងប្រជាប្រិយ និងច្រៀងរាំកម្សាន្តជាមួយថ្នាក់ដឹកនាំខេត្ត,មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរដ៏រុងរឿង។
លោកបន្តថាក្រុមការងារស្នាក់នៅខេត្តរតនគិរីរយៈពេល២ថ្ងៃគឺថ្ងៃទី(១៤-១៥)គ្រោងនាំយកទេយ្យទាន និងបច្ច័យ រាប់បាត្រ ប្រគេនព្រះសង្ឃ នៅវត្តភ្នំស្វាយ,អុជធូបនៅព្រះអង្គធំលើកំពូលភ្នំស្វាយ,អុជធូបនៅអាស្រមលោកតាប៊ូ ជួងបឹងកន្សែង(ក្រុងបានលុង )ដើម្បីសុំសេចក្តីសុខ រួចបន្តដំណើរទៅកម្សាន្តនៅរមណីដ្ឋានបឹងប្រវត្តិសាស្ត្រយក្សឡោម និងកន្លែងទេសចរណ៍មួយចំនួនទៀត។
លោកង្វៀន យ៉ុងបញ្ជាក់ឲ្យដឹងទៀតថា សមាគមមិត្តភាពកម្ពុជា-វៀតណាមខេត្តហ្សាឡាយមកស្វែងយល់ និងរកក្រុមហ៊ុនដៃគូកម្ពុជា សហប្រតិបត្តិការលើវិស័យកសិកម្ម,ពាណិជ្ជកម្ម,ទេសចរណ៍,សុខាភិបាល និងវិស័យសាធារណការ និងដឹកជញ្ជូនផងដែរ។
ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក២៥៧០ គ.ស២០២៦នេះ រូបលោកព្រមទាំងក្រុមការងារទាំងអស់ បានជូនពរលោកអភិបាលខេត្ត និងមន្ត្រីក្រោមឱវាទទទួលបានជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះ នូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀឃ្លាតឡើយ៕

















