ថ្ងៃទី២ នៃព្រឹត្តការណ៍សង្រ្កាន្ត! រដ្ឋបាលខេត្តបាត់ដំបង រៀបចំពិធីរាប់បាត្រព្រះសង្ឃ១០៨ អង្គដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វីរយុទ្ធជន ដែលបានពលីការពារទឹកដី


ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងភរិយា និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងភរិយា នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំរៀបចំពិធីរាប់បាត្រប្រគេនព្រះសង្ឃ ចំនួន១០៨អង្គ និងបង្សុកូលឧទ្ទិសកុសលផលបុណ្យជូនដួងវិញ្ញាណក្ខន្ធយុទ្ធជនពលីការពារបូរណភាពទឹកដីស្ថិតក្នុងស្មារតី នៃក្តីស្រឡាញ់ជាតិ មាតុភូមិ និងការដឹងគុណចំពោះការលះបង់របស់វីរកងទ័ពរបស់កម្ពុជា។

ដើម្បីសម្ដែងនូវការដឹងគុណដល់ការលះបង់ដ៏ធំធេង របស់វីរកងទ័ពកម្ពុជាដែលបាន លះបង់សាច់ស្រស់ឈាមស្រស់ពលីក្នុងបុព្វហេតុការពារជាតិមាតុភូមិ បូរណភាពទឹកដី និងសេចក្តីសុខសាន្តរបស់ប្រជាជន រដ្ឋបាលខេត្តបាត់ដំបង បានណែនាំដល់បណ្តាវត្តអារាមទូទាំងខេត្ត ឱ្យរៀបចំពិធីពូនភ្នំខ្សាច់ រាប់បាត្រព្រះសង្ឃ និងបង្សុកូលឧទ្ទិសកុសលផលបុណ្យជារៀងរាល់ថ្ងៃក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មី ជូនដល់វិញ្ញាណក្ខន្ធវីរកងទ័ពពលីទាំងអស់ ឱ្យបានទៅកាន់សុគតិភព។

ជាមួយគ្នានេះ រដ្ឋបាលខេត្តនឹងរៀបចំផងដែរ នូវពិធីរាប់បាត្រព្រះសង្ឃចំនួន១០៨អង្គ ឧទ្ទិសកុសផលបុណ្យជូនដល់វិញ្ញាណក្ខន្ធវីរកងទ័ពពលីរបស់កម្ពុជាគ្រប់រូប នៅបរិវេណមុខសាលាខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ស្ថិតក្នុងស្មារតី នៃក្តីស្រឡាញ់ជាតិ មាតុភូមិ និងការដឹងគុណចំពោះការលះបង់របស់វីរកងទ័ពរបស់កម្ពុជា៕