២ថ្ងៃនៃពិធីបុណ្យ ចូលឆ្នាំថ្មី ខេត្តត្បូងឃ្មុំ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ១៦ម៉ឺននាក់ មកកម្សាន្តយ៉ាងសប្បាយរីករាយ


គិតត្រឹមថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេត្តត្បូងឃ្មុំ ក្នុងឆ្នាំនេះ បានទាក់ទាញភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋយ៉ាងកុះករមកកម្សាន្តនៅតាមតំបន់រមណីយដ្ឋាន និងទីតាំងសង្ក្រាន្តទូទាំងខេត្ត។

បើយោងតាមរបាយការណ៍ពី លោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ ឱ្យដឹងថា រយៈពេល២ថ្ងៃ នាពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្នុងឆ្នាំ២០២៦នេះ ចំនួនភ្ញៀវសរុប ១៦០,២៤១ នាក់ (កើនឡើង ១.១១% ធៀបនឹងឆ្នាំ២០២៥) ក្នុងនោះភ្ញៀវទេចរអន្តរជាតិ ៦១នាក់។

ក្រោមការដឹកនាំផ្ទាល់របស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត និងឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងនោះរដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំកម្មវិធីយ៉ាងសម្បូរបែប រួមមាន ការលេងល្បែងប្រជាប្រិយខ្មែរ ការរាំលេងចង្វាក់ប្រពៃណីខ្មែរចម្រុះ ការតាំងពិព័រណ៍ផលិតផលភូមិមួយផលិតផលមួយ និងការប្រគុំតន្ត្រីសម័យ ការតុបតែងភ្លើងលម្អនាពេលរាត្រី ជាពិសេសទឹករាំពត់ពេនតាមចង្វាក់ភ្លេង អមដោយភ្លើងពណ៍យ៉ាងស្រស់ស្អាតបំផុត។

ជាមួយគ្នានោះ ដោយការគិតគូយកចិត្តទុកដាក់ខ្ពស់លើសេវាកម្ម និងបរិស្ថាន មន្ត្រីជំនាញនៃមន្ទីរទេសចរណ៍ខេត្ត បានចុះពង្រឹងគុណភាពសេវាកម្ម និងតាមដានតម្លៃម្ហូបអាហារ និងការស្នាក់នៅ ដើម្បីធានាបានថាអាជីវករមិនតម្លើងថ្លៃហួសហេតុ។ ទន្ទឹមនឹងនោះ យុទ្ធនាការ “ទេសចរណ៍ដើម្បីទាំងអស់គ្នា” ក៏ត្រូវបានជំរុញយ៉ាងសកម្ម តាមរយៈការដាក់ធុងសំរាមបន្ថែម និងការណែនាំឱ្យភ្ញៀវទេសចរចូលរួមថែរក្សាអនាម័យ បរិស្ថានយ៉ាងខ្ជាប់ខ្ជួន។

គួរបញ្ជាក់ដែរថា ស្ថានភាពសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈក្នុងខេត្តត្បូងឃ្មុំ មានសភាពល្អប្រសើរ បងប្អូនប្រជាពលរដ្ឋកំពុងចូលរួមលេងកម្សាន្តដោយស្នាមញញឹម និងក្តីសប្បាយរីករាយ ដោយសុខសុវត្ថិភាព៕